ឯកឧត្តម បណ្ឌិត ងិន បាណាល់ អញ្ជើញជួបសំណេះសំណាល និងលើកទឹកចិត្តសិស្សនិទ្ទេស A នៅស្រុកបាភ្នំ 

ព្រៃវែង ៖ នៅព្រឹក ថ្ងៃសៅរិ៍ ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ ឯកឧត្តមបណ្ឌិត ងិន បាណាល់ ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយស្រុកបាភ្នំ បានអញ្ជើញជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A ចំនួន ១២នាក់ នៅស្រុកបាភ្នំ។ 

ពិធីសំណេះសំណាលនេះ បានប្រារព្វធ្វើឡើងនៅទីស្នាក់ការគណៈកម្មាធិការបក្សស្រុកបាភ្នំ ដោយមានការអញ្ជើញចូលរួមពីសំណាក់ សមាជិកសមាជិកា នៃក្រុមការងារចុះមូលដ្ឋានស្រុកបាភ្នំ លោកគ្រូ អ្នកគ្រូ និងអាណាព្យាបាលសិស្សផងដែរ។ 

មានប្រសាសន៍សំណេះសំណាលក្នុងពិធីនោះ ឯកឧត្តមបណ្ឌិត ងិន បាណាល់ បានថ្លែងកោតសរសើរ និងអបអរសាទរដល់ប្អូនៗ ក្មួយៗសិស្សានុសិស្ស ដែលបានខិតខំប្រឹងប្រែងរៀនសូត្ររហូតទទួលបានជោគជ័យយ៉ាងត្រចេះត្រចង់ប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាពេលកន្លងទៅថ្មីៗនេះ។ ជោគជ័យនេះមិនត្រឹមតែបានលើកកិត្តិយសមុខមាត់របស់ខ្លូនប៉ុណ្ណោះទេ តែក៏ផ្តល់កិត្តិយសដល់អាណាព្យាបាលឳពុកម្ដាយ និងលោកគ្រូអ្នកគ្រូផងដែរ ជាពិសេសគឺជាមោទនភាពមួយសម្រាប់អ្នកស្រុកបាភ្នំទាំងមូល។ 

ឯកឧត្តមបណ្ឌិតបន្តថា លទ្ធផលដ៏ល្អមួយនេះ ក៏ដោយសារមានការឧបត្ថម្ភគាំទ្រពីសំណាក់អាណាព្យាបាល ឳពុកម្តាយ លោកគ្រូ អ្នកគ្រូ ដែលជាអ្នកមានគុណជាព្រះរស់របស់យើង។ ក្នុងនាមជាយុវជនទំពាំងស្នងឬស្សី ក្មួយៗត្រូវខិតខំប្រឹងប្រែងរៀនសូត្របន្ថែមទៀត ដើម្បីអភិវឌ្ឍន៍ខ្លួនឱ្យក្លាយជាមូលធនមនុស្សដ៏មានតម្លៃដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេសជាតិយើង ស្របតាមគោលនយោបាយបញ្ចកោណរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។  

ឯកឧត្ដមបានបន្ថែមថា ក្មួយៗមានសមត្ថភាព គឺមានឱកាសច្រើនក្នុងការសម្រេចចិត្តជ្រើសរើសមុខវិជ្ជានៅថ្នាក់ឧត្តមសិក្សា តាមដែលខ្លួនស្រលាញ់ពេញចិត្តដែលអាចបម្រើប្រយោជន៍ដល់ខ្លួនយើងផង និងសង្គមជាតិយើងផង។ ស្របពេលជាមួយគ្នានេះ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ក៏បានផ្ដល់អាហារូបករណ៍សិក្សានៅមហាវិទ្យាល័យរាប់រយកន្លែងក្នុងមួយឆ្នាំៗដល់យុវជនដែលជាការលើកកម្ពស់សមត្ថភាព បណ្ដុះបណ្ដាលធនធានមនុស្សបន្តជំនាន់ក្នុងខេត្តព្រៃវែងរបស់យើង ឱ្យក្លាយជាយុវជនមានសក្ដានុពល។ 

ក្នុងឱកាសនោះដែរឯកឧត្ដមបណ្ឌិតក៏បានប្រគល់ប្រាក់ឧបត្ថម្ភលើកទឹកចិត្តដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ កែ សួនសុភី ជូនដល់សិស្សនិទ្ទេស A និងលោកគ្រូអ្នកគ្រូ ផងដែរ។ 

សូមបញ្ជាក់ជូនថា ក្នុងចំណោម ២៥ រាជធានី-ខេត្ត ខេត្តព្រៃវែង មានសិស្សប្រឡងជាប់និទ្ទេស A ស្ថិតក្នុងលំដាប់ទី៥ បន្ទាប់ពីរាជធានីភ្នំពេញ ខេត្តកណ្ដាល ខេត្តសៀមរាប និងខេត្តតាកែវ ដែលសរុបខេត្តយើងមានសិស្សនិទ្ទេស A ទាំងអស់ចំនួន ១១៧ នាក់៕