នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានកិត្តិយសមហាសន្និបាត ICAPP លើកទី១២ បានលើកឡើងថា នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សិទ្ធិមនុស្សត្រូវបានគេប្រើប្រាស់ជាឧបករណ៍នយោបាយ ដើម្បីផ្ដួលរំលំរាជរដ្ឋាភិបាលកម្ពុជាដែលជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យ និងស្របច្បាប់។ ជាក់ស្ដែង បដិវត្ដន៍ពណ៌មួយត្រូវបានប៉ុនប៉ងធ្វើឡើងដើម្បីផ្ដួលរំលំរាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។

សម្ដេចតេជោមានប្រសាសន៍ថា សម្រាប់យើងខ្ញុំនៅទីនេះ ដើម្បីទប់ស្កាត់បដិវត្ដន៍ពណ៌ អនុញ្ញាតឱ្យមានការអព្យាក្រឹត្យរវាងបក្សនយោបាយ និងបក្សនយោបាយ ប៉ុន្ដែកម្លាំងប្រដាប់អាវុធ និងរដ្ឋបាលស៊ីវិលជាឧបករណ៍របស់រដ្ឋ មិនអាចអព្យាក្រឹត្យបាននោះទេ ដូច្នេះគេក៏មិនអាចធ្វើអ្វីយើងបានដែរ។ សម្ដេចតេជោបានបញ្ជាក់បន្ថែមថា៖ «យើងត្រូវឈ្លាសវៃនៅក្នុងការគ្រប់គ្រងស្ថានការណ៍ ព្រោះវាមានតម្លៃបំផុត បើមិនដូច្នោះទេ ឈាមនឹងត្រូវហូរ ប្រទេសរបស់យើងនឹងត្រូវបែកបាក់សារជាថ្មីម្ដងទៀត។ ដូច្នេះ យើងនឹងមិនញញើតដៃក្នុងការប្រើប្រាស់នូវវិធានការទាំងឡាយ ដើម្បីទប់ស្កាត់នូវបដិវត្ដន៍ពណ៌នោះទេ»។

សម្ដេចតេជោ ហ៊ុន សែន ថ្លែងបញ្ជាក់បន្តថា៖ «យប់មិញ នៅក្នុងការប្រជុំគណៈអចិន្រ្ដៃយ៍ ខ្ញុំក៏បានលើកពីបទពិសោធន៍បដិវត្ដន៍ដែរ បដិវត្ដន៍ពណ៌អាចធ្វើបាន ថ្មីៗនេះគេធ្វើនៅប្រទេសបង់ក្លាដែស ហើយគេចង់មកបំផ្លាញនៅកម្ពុជា ក៏ប៉ុន្ដែគេត្រូវទទួលស្គាល់ថា នៅទីនេះ យើងខ្ញុំបានស្គាល់វិធីសាស្រ្ដនៃក្រុមបដិវត្ដន៍ពណ៌រួចស្រេចទៅហើយ ពួកគេមិនធ្វើរដ្ឋប្រហារផ្ដួលរំលំទៀតទេ មិនគាំទ្រការផ្ដួលរំលំតាមបែបរដ្ឋប្រហារទេ ប៉ុន្ដែគេប្រើបដិវត្ដន៍ពណ៌ជំនួសវិញតាមរយៈហ្វូងមនុស្សផ្ដួលរំលំ។ ប៉ុន្ដែមុនដំបូងគេត្រូវអព្យាក្រឹត្យបនីយកម្មកម្លាំងប្រដាប់អាវុធ និងរដ្ឋបាលស៊ីវិល»។

សូមបញ្ជាក់ថាការលើកឡើងរបស់សម្ដេចតេជោបែបនេះ នាឱកាសអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកមហាសន្និបាតអន្តរជាតិបណ្ដាគណបក្សនយោបាយនៅអាស៊ី លើកទី១២ – 12th General Assembly of ICAPP (International Conference of Asian Political Parties ) នៅវិមាន៧មករា ស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ៕
Leave a Reply