ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ចេញសេចក្តីបំភ្លឺជុំវិញករណី ម៉ូតូជិះបញ្ច្រាសទៅបុករថយន្តស្លាប់ទាំង៣នាក់ នៅស្រុកភ្នំស្រួច

កំពង់ស្ពឺ៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ចេញសេចក្តីបំភ្លឺ ជុំវិញករណីគ្រោះថ្នាក់ចរាចរណ៍ ម៉ូតូបុករថយន្ត កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង១៥និង៤៥នាទី នៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូ ម៉ែត្រ៦៥-៦៦ ត្រង់ចំណុចភូមិក្រាំងខ្ជាយ ឃុំតាំងស្យា ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បណ្តាលឱ្យមនុស្សចំនួន០៣ នាក់ ដែលបណ្ដាលឱ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។

១. ក្រោយពីទទួលបានព័ត៌មាន សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ដោយវាស់វែង ប្រមែប្រមូលវត្ថុតាង ព័ត៌មានផ្សេងៗ និងបំពេញការងារជំនាញ តាមគន្លងនីតិវិធីកំណត់ដោយច្បាប់យ៉ាងត្រឹមត្រូវ។ ដោយមានកិច្ចសហការល្អជាមួយអ្នកបើកបររថយន្តឈ្មោះ ឡាំ ភាង ភេទប្រុស អាយុ៤៦ឆ្នាំ សមត្ថកិច្ចបានបន្តបំពេញការងារជំនាញស្របតាមនីតិវិធីកំណត់ក្នុងច្បាប់នៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួចយ៉ាងសុក្រឹតបំផុត។

២.បន្ទាប់ពីបានត្រួតពិនិត្យកន្លែងកើតហេតុ វាស់វែង ប្រមូលវត្ថុតាម ព័ត៌មាននានា និងបានស្តាប់ចម្លើយបំភ្លឺរបស់អ្នកបើកបររថយន្តរួចមក សមត្ថកិច្ចរកឃើញថា អ្នកបើកម៉ូតូ០១គ្រឿងម៉ាក HONDA DREAM 125CC ផ្ទុកមនុស្ស ៣នាក់ លើសចំនួនកំណត់ បើកបរមិនប្រកាន់ស្តាំ ត្រង់ចំណុចមានគំនូសជាប់បង្ហូតកណ្តាលទ្រូងផ្លូវ (ហាមបើកបរជែង ឬឆ្លងកាត់) បានបើកបញ្ច្រាសទិសចរាចរណ៍ក្នុងចំណែកផ្លូវម្ខាងទៀត ទៅបុករថយន្ត០១គ្រឿង ដែលកំពុងបើកបរបញ្ច្រាសទិសគ្នា បង្កជាគ្រោះថ្នាក់ បណ្តាលឱ្យស្លាប់ខ្លួនឯង និងអ្នកដទៃ គឺខុសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។ ចំណែកឯអ្នកបើកបររថយន្តវិញបានបញ្ជាក់ថា ខ្លួនបើកបរដោយគ្មានបណ្ណបើកបរ។ ករណីនេះអ្នកបើកបរប្រឈមនឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកត្រង់មាត្រា៧៥ថ្មី។

៣.ជាកាតព្វកិច្ចច្បាប់កំណត់ ក្នុងនាមនគរបាលយុត្តិធម៌ ត្រូវរាយការជូនស្ថាប័នអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺបានជ្រាបនិងមានចំណាត់ការ។ ជាឆន្ទានុសិទ្ធិតាមច្បាប់ ស្ថាប័នយ្យការសម្រេចបន្តនីតិវិធីករណីបើកបរដោយគ្មានប័ណ្ណបើកបរតាមមាត្រា៧៥ថ្មីខាងលើ ដើម្បីពិនិត្យទិដ្ឋភាពច្បាប់ប៉ុណ្ណ្ណោះ ពុំមែនបន្តនីតិវិធីតាមអង្គហេតុម៉ូតូបើបញ្ច្រាស់ទិសចូលរថយន្តនោះទេ។

បច្ចុប្បន្ន អ្នកបើកបររថយន្តខាងលើ តំណាងអយ្យការ បានសម្រេចឱ្យអ្នកបើកបររថយន្តវិលត្រឡប់ទៅផ្ទះវិញហើយ។