អាវុធហត្ថខណ្ឌជ្រោយចង្វារ ឃាត់ខ្លួនក្មេងទំនើង១៥នាក់ ក្រោយបង្ហោះម៉ូតូតាមផ្លូវសាធារណៈ

កម្លាំងកងរាជអាវុធហត្ថខណ្ឌជ្រោយចង្វារបានសហការជាមួយនឹងកម្លាំងល្បាតគណៈបញ្ជាការឯកភាពខណ្ឌជ្រោយចង្វារបានឃាត់បង្ក្រាបក្មេងទំនើងចំនួន១៥ នាក់ដែលបង្ហោះម៉ូតូតាមដងផ្លូវសាធារណៈបង្ករភាពអនាធិបតេយ្យ។

ប្រតិបត្តិការនេះបានធ្វើឡើងកាលពីវេលាម៉ោង ០១និង២០ នាទី រំលងអាធ្រាត្រ ថ្ងៃទី០៣ខែកុម្ភៈ ឆ្នាំ២០២៥ កម្លាំងកងអាវុធហត្ថ ខណ្ឌជ្រោយចង្វារ បានសហការជាមួយគណៈបញ្ជាការឯកភាពខណ្ឌ ចុះល្បាត បង្រ្កាបក្មេងទំនើងក្នុងភូមិសាស្រ្តខណ្ឌ ក៏បានប្រទះឃើញ ក្រុមក្មេងទំនើងបានចំនួន ១៥នាក់ក្នុងនោះស្រី១នាក់ ដែលធ្វើសកម្មភាពជាក្រុម បង្ហោះម៉ូតូ តាមផ្លូវចំណុចផ្លូវបេតុង ភូមិព្រែកតារ័ត្ន សង្កាត់ ព្រែកតាសេកខណ្ឌ ជ្រោយចង្វារ រាជធានីភ្នំពេញ។

កម្លាំងកងអាវុធហត្ថខណ្ឌជ្រោយចង្វារបានឲ្យដឹងថាក្នុងប្រតិបត្តិការឃាត់ខ្លួនក្រុមក្មេងទំនើងដែលបង្ហោះម៉ូតូតាមដងផ្លូវសាធារណៈនេះត្រូវបានឃាត់ខ្លួននិងដកហូតសម្ភារ៖ មនុស្សប្រុសស្រី១៥នក់ ម៉ូតូ ចំនួន០៧រឿង ,ទូរស័ព្ទដៃចំនួន ០៨គ្រឿង, មួកសុវត្តិភាពចំនួន០៣។

បច្ចុប្បន្នក្រុមក្មេងទំនើងទាំង១៥នាក់ប្រុសស្រី រួមទាំងវត្ថុតាងត្រូវបានបញ្ជូនទៅការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថរាជធានីភ្នំពេញដើម្បីបន្តនីតិវិធី ៕