សមត្ថកិច្ចចាប់ក្រុម អ្នកលេងរហស្សនាម DP Zin (ដើមពោធិ៍) ក្រោយដេញកាប់យុវជន២នាក់បណ្តាលឲ្យស្លាប់ម្នាក់របួសធ្ងន់ម្នាក់

ភ្នំពេញ៖ សមត្ថកិច្ចនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ 

បើកការស្រាវជ្រាវ រហូតឃាត់ខ្លួនបានចំនួន១៥នាក់ ក្រោយពីបានធ្វើសកម្មភាពដេញកាប់ទៅលើយុវជនម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ កាលពីយប់ថ្ងៃទី១៦ ខែវិច្ឆិកា ២០២៤ វេលាម៉ោង១១និង៥០នាទី។

ប្រតិបត្តិការ ចុះឃាត់ក្រុមបងធំ DP Zin (ដើមពោធិ៍) នេះ នៅវេលម៉ោង៣រសៀលថ្ងៃទី ១៨ ខែ វិច្ឆិកា ២០២៤ នៅចំណុច កន្លែងបុកប៊ីយ៉ា មួយកន្លែង ស្ថិតក្នុងភូមិ ថ្មគោល២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ។

សមត្ថកិច្ចបានឱ្យដឹងថា ក្រុមនេះតែងតែធ្វើសកម្មភាព កាប់សាញ (ជិះដើរកាប់លេង) ហើយក្រុមនេះ មានមេបក្សម្នាក់ ឈ្មោះអាម៉ាប់ធំ (ឃាត់ខ្លួន) ជាអ្នកដឹកនាំ និងរក្សាទុកអាវុធ ។ និងបក្សពួកចំនួន១៤នាក់ ទៀតពុំទាន់ស្គាល់អត្តសញ្ញាណនោះទេ  ព្រោះសមត្ថកិច្ចកំពុងសាកសួរបន្ថែម ។

សមត្ថកិច្ចបានឲ្យដឹងបន្តទៀតថា កាលពីវេលាម៉ោង១១និង៥០នាទីយប់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ខណៈយុវជនរងគ្រោះ២នាក់កំពុងជិះម៉ូតូម៉ាកហុងដាZoomer-X ១គ្រឿងឌុបគ្នា នៅតាមផ្លូវស្ថិតនៅក្នុងភូមិចំការឪឡឹកទី១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ស្រាប់តែក្រុមបងធំខាងលើមានគ្នាច្រើននាក់ ជិះម៉ូតូច្រើនគ្រឿងដេញកាប់ ជាហេតុធ្វើឲ្យជនរងគ្រោះភ័យ បានជិះម៉ូតូរត់ជ្រុលទៅបុកបង្គោលភ្លើង បណ្ដាលឲ្យស្លាប់ម្នាក់និងរងរបួសធ្ងន់ម្នាក់ បន្ទាប់មកក្រុមជនពាលទាំងនោះបាននាំគ្នាគេចខ្លួនបាត់អស់ ។

លុះនៅរសៀលថ្ងៃទី១៨ វិច្ឆិកា ២០២៤ នេះកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ បានធ្វើការកំណត់មុខសញ្ញា និងទីតាណងលាក់ខ្លួនក្រុមបងធំនេះ ទើបឈានដល់ការឡោមព័ទ្ធឃាត់ខ្លួនបាន១៥នាក់ ក្នុងនោះស្រីម្នាក់ និងដកហូតបានម៉ូតូជាង១០គ្រឿង រួចបញ្ជូនទៅកាន់ស្នងការនគរបាលរាជធានីភ្នំពេញចាត់ការតាមច្បាប់ ៕ រាជសីហ៍ ០៣