ជម្លោះរស់នៅបន្ទប់ក្បែរគ្នា , នគរបាលស័ក្តិ៥ម្នាក់ ដាក់អស់ជិតកន្លះបង់ របួសធ្ងន់០២នាក់ 

កណ្ដាល ៖ មនុស្ស០២នាក់ បានរងរបួសធ្ងន់ ដោយសារបុរសម្នាក់បាញ់ជាច្រើនគ្រាប់ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៨ និង ៣០នាទីយប់ ថ្ងៃទី១៧ ខែ វិច្ឆិកា ឆ្នាំ២០២៤ នៅម្តុំបន្ទប់ជួល ភូមិព្រែកឬស្សីលិច សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល។

ជនសង្ស័យឈ្មោះ សយ សុផានី ភេទប្រុស អាយុ៥៩ឆ្នាំ ជាមន្ត្រីនគរបាលជាតិ ឋានន្តរសក្តិ វរសេនីយ៍ឯក ឋានៈ ប្រធានសាខាប្រមូលថវិកាចំណូល នាយកដ្ឋានផែនការសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៃអគ្គនាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ បច្ចុប្បន្នស្នាក់បន្ទប់ជួល ចំណុចកើតហេតុ ចំណែកជនរងគ្រោះ២នាក់ ១.ឈ្មោះ ស៊ាង តូម៉ា ភេទប្រុស អាយុ៥៤ឆ្នាំ មុខរបរ អ្នកលក់កង់បី (ត្រូវចំនួន៣គ្រាប់)និង ២.ឈ្មោះ ជា សុភី ភេទស្រី អាយ៥៤ឆ្នាំ (ត្រូវចំនួន១គ្រាប់)។

តាមការបំភ្លឺរបស់ប្រជាពលរដ្ឋដែលនៅក្បែរកន្លែងកើតហេតុបានឱ្យដឹងថា ជនរងគ្រោះ២នាក់ប្តីប្រពន្ធរួមទាំងចៅ បានជួលបន្ទប់លេខ២ នៅជាប់បន្ទប់ជាមួយជនសង្ស័យ ដែលជួលនៅបន្ទប់លេខ៣ ហើយតែងតែមានទំនាស់ពាក្យសម្ដី មិនត្រូវគ្នាទេ តែងមានរឿងបញ្ហាមាត់កឡូឡាលឺខ្លាំងៗ ជាញឹកញាប់ ។ ជនសង្ស័យបានប្រាប់សមត្ថកិច្ចថា នៅយប់កើតហេតុ ០២នាក់ប្ដីប្រពន្ធនោះជិះកង់បីមកពីក្រៅ បានបញ្ចេញកាយវិកាស្រែកឡូឡា និងធាក់ទ្វារខ្លាំង ដោយស្រែកថា « ហែងពូកែថ្លង់ អញធ្វើអោយថ្លង់ » ។ ឃើញបែបនេះ ជនសង្ស័យក៏ទៅប្រាប់ម្ចាស់ផ្ទះជួល ពេលមកដល់ស្រាប់តែជេរកាន់តែខ្លាំង ទើបខ្លួនទប់ចិត្តមិនបាន ចូលទៅយកកាំភ្លើងបាញ់តែម្ដង ។ 

ក្រោយកើតហេតុ សមត្ថកិច្ចចុះមកឃាត់ខ្លួនជនសង្ស័យ និងបញ្ជូនជនរងគ្រោះទាំង០២ទៅសង្គ្រោះ ។ នៅកន្លែងកើតហេតុ សមត្ថកិច្ចបានរកឃើញសំបកគ្រាប់បាញ់រួចចំនួន០៤គ្រាប់ កាំភ្លើងខ្លីម៉ាកK54មួយដើម គ្រាប់ក្នុងបង់ចំនួន០៤គ្រាប់ ៕រាជសីហ៍០៣