នគរបាលបញ្ជូនជនសង្ស័យ៥នាក់ ទៅតុលាការពាក់ព័ន្ធករណីហិង្សាឱ្យយុវជនម្នាក់របួសធ្ងន់

ភ្នំពេញ ៖ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បញ្ជូនខ្លួនជនសង្ស័យចំនួន០៥នាក់ទៅតុលាការ បន្ទាប់ពីឃាត់ខ្លួនបានជនសង្ស័យជាបន្តបន្ទាប់ពាក់ព័ន្ធករណីហិង្សាដោយចេតនាប្រើដាវកាប់ជនរងគ្រោះម្នាក់ឱ្យរបួសធ្ងន់។កាលពីថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ ២០២៤ វេលាម៉ោង២០និង៣០នាទី នៅចំណុចហាងកាហ្វេអេសខេ ផ្លូវបេតុង ភូមិមិត្តភាព សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ ។

នគរបាលបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ សាន់ធី រ៉ាវី ភេទប្រុស មុខរបរជាងម៉ូតូ មានទីលំនៅផ្ទះលេខ២០៤៦ ផ្លូវបេតុង ភូមិស្ពានខ្ពស់ សង្កាត់គ.ម៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ រីឯជនសង្ស័យចំនួន០៥នាក់ ទី១ឈ្មោះ វ៉ាន់ ណាវីត ហៅក្រៅ ប៊ី ភេទប្រុស អាយុ ១៧ឆ្នាំ,
ទី២ ឈ្មោះ មួន ខេមរា ភេទប្រុស អាយុ ១៧ឆ្នាំ ,ទី៣ ឈ្មោះ រឿង វីរះ ភេទប្រុស អាយុ ១៧ឆ្នាំ , ទី៤ឈ្មោះ ណាង វណ្ណះ ភេទប្រុស អាយុ ១៩ឆ្នាំ, ទី៥ ឈ្មោះ ជួន ឌីម៉ូ ភេទប្រុស អាយុ ១៧ឆ្នាំ។

នគរបាលបានបន្តឱ្យដឹងថា នៅថ្ងៃកើតហេតុខាងលើ ជនរងគ្រោះ និងមិត្តភក្តិជនរងគ្រោះចំនួន០៣នាក់ បានអង្គុយចាំមិត្តភក្តិម្នាក់ទៀតដែលជូនសង្សារទៅផ្ទះ ស្រាប់តែមានជនសង្ស័យចំនួន០៧នាក់មិនស្គាល់អត្តសញ្ញាណជិះម៉ូតូ៤គ្រឿងម៉ាក HONDA DREAM និងម៉ាក SUZUKI NEX មិនចាំផ្លាកលេខ បានជិះចូលមក ក្នុងដៃមានកាន់ដាវកែច្នៃ កាប់មកលើជនរងគ្រោះបណ្តាលឲ្យជនរងគ្រោះរងរបួសដៃជាច្រើនកន្លែង រួចជនសង្ស័យបានជិះម៉ូតូគេចខ្លួនបាត់តែម្តង ចំណែកឯជនរងគ្រោះត្រូវមិត្តភក្តិបញ្ចូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត ។

ក្រោយកើតហេតុកម្លាំងជំនាញខណ្ឌប៉ុស្តិ៍ សហការណ៍ជាមួយនឹងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ចុះទៅដល់កន្លែងកើតហេតុបើកការស្រាជ្រាវកំណត់អត្តសញ្ញាណជនសង្ស័យ រហូតឈានដល់ឃាត់ខ្លួនជនសង្ស័យបានចំនួន០៥នាក់ខាងលើនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង ២២ និង ០០នាទី នៅចំណុចភូមិ២២ សង្កាត់ស្រះចក ខណ្ឌដូនពេញ។ 

បច្ចុប្បន្នជនសង្ស័យទាំង៥នាក់ និងវត្ថុតាង ត្រូវបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ហើយ៕ រាជសីហ៍ ០៣