ភ្នំពេញ ៖ ព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅនាយកដ្ឋានអង្គរក្ស នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិបានឱ្យដឹងក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ឆ្នាំ២០២៤ ថា កម្លាំងសមត្ថកិច្ចចំនួន ១៦, ៧៥៨នាក់ នឹងត្រូវដាក់ពង្រាយដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់និងសុវត្ថភាព ក្នុងព្រះរាជពិធីបុណ្យអុំទូកនេះ។

កិចុ្ចប្រជុំនោះ បានបញ្ជាក់ថា កម្លាំងសមត្ថកិច្ចចម្រុះចំនួន ១៦, ៧៥៨នាក់ មកពី១៦ស្ថាប័នអង្គភាព ដូចជា អគ្គស្នងការដ្ឋាននគរបាលជាតិ បញ្ជាការដ្ឋានកងរាជអាវុធហត្ថ បញ្ជាការដ្ឋានអង្គរក្ស បញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម បញ្ជាការដ្ឋានកងទ័ពជើងទឹក យោធភូមិភាគពិសេស និងសមត្ថកិច្ចពាក់ព័ន្ធមួយចំនួនទៀត។ កម្លាំងសមត្ថកិច្ចទាំងអស់ នឹងត្រូវបែងចែកទៅតាមទីតាំងប្រារព្ធពិធី និងជុំវិញកន្លែងប្រារព្ធព្រះរាជពិធី ចំណតទូក និងមណ្ឌលស្នាក់នៅកីឡាករចំណុះទូកតាមរាជធានី-ខេត្ត។

ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ឆ្នាំ២០២៤ នឹងប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ គឺនៅថ្ងៃទី១៤-១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅតាមដងទន្លេសាប ចាប់ពីស្ពានជ្រោយចង្វារ ដល់កោះពេជ្រ ក្រោមព្រះរាជធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា៕ ដោយ៖ រាជសីហ៍០៣



Leave a Reply