នាយករដ្ឋមន្ត្រីកម្ពុជា ៖ គ្មានការលក់ដីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញឡើយ  

កណ្ដាល ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលមិនមានគម្រោងលក់ដីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឱ្យទៅវិស័យឯកជននោះឡើយ។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងបែបនេះ នៅថ្ងៃសុក្រ ទី១៦ ខែឧសភា ឆ្នាំ២០២៥ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី៨០ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងថា ដីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នឹងប្រគល់ទៅរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ជាអ្នកគ្រប់គ្រង និងឱ្យសមត្ថកិច្ចជួយថែរក្សាទ្រព្យសម្បត្តិនានា។ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ត្រូវរក្សាឱ្យបាននូវតម្លៃប្រវត្តិសាស្ត្រ, ឱ្យពលរដ្ឋប្រើប្រាស់ជាអតិបរមា និងប្រើប្រាស់ឱ្យមានចីរភាព ហើយនៅតែជាសម្បត្តិរបស់រដ្ឋ។

សម្តេចបវរធិបតី បានបន្តថា កាលពីឆ្នាំ១៩៩៥ រាជរដ្ឋាភិបាល បានមានកិច្ចព្រមព្រៀងឲ្យក្រុមហ៊ុន SCA ធ្វើប្រតិបត្តិការ មិនមែនសិទ្ធិគ្រប់គ្រងទេ ហើយរដ្ឋជាម្ចាស់ដដែល គឺរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៉ីវិលដែលជាអ្នកគ្រប់គ្រង។

សម្តេចបវរធិបតី បានបញ្ជាក់យ៉ាងដូច្នេះ «ព្រលានយន្តហោះពោធិ៍ចិនតុង ប៉ុន្មានថ្ងៃនេះឃើញនិយាយផុសផុលអំពីការលក់ព្រលានយន្តហោះនេះ។ ខ្ញុំឃើញអ្នកខ្លះថា ច្បាស់ណាស់ រាជរដ្ឋាភិបាលលក់ព្រលានយន្តហោះនេះឲ្យវិស័យឯកជន ១៥ឆ្នាំមុន។ តើបាន មកពីណា? ១៥ឆ្នាំមុន យើងមិនទាន់គ្រោងធ្វើព្រលានយន្តហោះថ្មីផង»។

សម្តេចបវរធិបតី បានបន្តថា «បើមានសូមឲ្យឯកសារហ្នឹងមកក្រែងខ្ញុំមិនដឹង។ ព្រោះមានតែ២នាក់ទេ ដែលមានសិទ្ធិក្នុងការសម្រេចដោះដូរ គឺសម្តេចតេជោ អតីតនាយករដ្ឋមន្ត្រី នៅអាណត្តិមុន និងរូបខ្ញុំជានាយករដ្ឋមន្ត្រីនៅក្នុងអាណត្តិនេះ។ យើងទាំងពីរអ្នក អត់ដែលបានដឹងពីគម្រោងនៅក្នុងការលក់ព្រលានយន្តហោះពោធិ៍ចិនតុងទៅណា»។

សូមរំលឹកថា អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នឹងត្រូវបិទដំណើរការទាំងស្រុង នៅខែកក្កដា ឆ្នាំ២០២៥ ដែលបន្សល់ទុកនូវអនុស្សាវរីយ៍ និងការចងចាំជាច្រើន សម្រាប់អ្នកដំណើរទាំងជាតិ និងអន្តរជាតិ។ វាលាតសន្ធឹងលើផ្ទៃដីជាង៤០០ហិកតា នៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ខាងលិចទីក្រុងភ្នំពេញ ក្នុងស្រុកពោធិ៍សែនជ័យ៕