ក្រសួងសុខាភិបាល អំពាវនាវដល់ពលរដ្ឋ ឱ្យបង្កើនការការពារខ្លួនពីការឆ្លងវីរុសកូវីដ១៩ បំប្លែងថ្មីអូមីក្រុង JN.1

ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ខ្លួន បានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យបង្កើនការការពារខ្លួនពីការឆ្លងវីរុសកូវីដ-១៩។

បើតាមក្រសួងសុខាភិបាល បានឱ្យដឹងថា ស្ថានភាព នៃការចម្លងវីរុសកូវីដ-១៩ នៅតែបន្តមាននៅឡើយ ហើយចុងក្រោយនេះ គឺពពួកអូមីក្រុងដែលបានបំប្លែងខ្លួនជា បន្តបន្ទាប់ ជាពិសេសពពួកអូមីក្រុងបំប្លែងថ្មីប្រភេទជេអ៊ិន១ (JN.1) ដែលរកឃើញដំបូង ក្នុងខែសីហា ឆ្នាំ២០២៣ ហើយបានក្លាយរីករាលដាលយ៉ាងឆាប់រហ័សនៅក្នុងតំបន់ជាច្រើននៅទូទាំងពិភពលោក។ 

បច្ចុប្បន្នអង្គការសុខភាព ពិភពលោក បានចាត់ថ្នាក់ថា ជា វីរុសស្ថិតក្នុងវ៉ារ្យង់ចំណាប់អារម្មណ៍ ដោយសារតែការរីករាលដាលយ៉ាងឆាប់រហ័ស និងលក្ខណៈជីវសាស្ត្ររបស់វា។ ត្រឹមពាក់កណ្តាលខែមីនា ឆ្នាំ២០២៥ អូមីក្រុងបំប្លែងថ្មីប្រភេទជេអ៊ិន១ (JN.1) ត្រូវបានរកឃើញមានជាង១៥ភាគរយនៃករណីជំងឺកូវីដ-១៩ ដែលបានរកឃើញនៅទូទាំងពិភពលោក។ ចំពោះ អ្នកឆ្លងអូមីក្រុងបំប្លែងថ្មីជេអ៊ុន១ (JN.1) នេះ គឺមានរោគសញ្ញាមិនខុសប្លែកគ្នាពី ប្រភេទកូវីដ-១៩ ជំនាន់មុនៗ នោះទេ។ រោគសញ្ញាមានដូចជា គ្រុនក្តៅ ក្អកស្ងួត ឈឺបំពង់ក ហៀរសំបោរ ចង្អោរ និងក្អួត មានភាពស្រដៀងទៅ នឹងជំងឺផ្តាសាយធម្មតា។ ភស្តុតាង ជាសកលបច្ចុប្បន្នមិនបង្ហាញថាជេអិន១ បណ្តាលឱ្យមានជំងឺធ្ងន់ធ្ងរជាង ប្រភេទអូមីក្រុងពីមុននោះទេ។ 

ទោះជាយ៉ាងណាក៏ដោយ ជេអ៊ិន១ (JN.1) បង្ហាញពីលទ្ធភាពឆ្លងកាន់តែខ្ពស់ ឆ្លងលឿន និងអាចបញ្ញាបចូលប្រព័ន្ធភាពស៊ាំរបស់មនុស្សកាន់តែខ្លាំង ដោយសារការផ្លាស់ប្តូរនៅក្នុងប្រូតេអ៊ីន បង្គោល របស់វីរុស(mutations in the spike protein)។ ថ្វីត្បិតតែជេអ៊ិន១ (JN.1) មានហានិភ័យសុខភាព សាធារណៈជាសកលនៅមានកម្រិតទាប ការបន្តការប្រុងប្រយ័ត្នគឺចាំបាច់ ជាពិសេសចំពោះបុគ្គលដែលមាន ហានិភ័យខ្ពស់នៃការចម្លងជំងឺរួមមាន អ្នកមានប្រព័ន្ធការពាររាងកាយខ្សោយ ជំងឺរ៉ាំរ៉ៃប្រចាំកាយ ទឹកនោមផ្អែម លើសឈាម ជនចាស់ជរា ស្ត្រីមានផ្ទៃពោះ ជាដើម។ ទន្ទឹមនឹងនោះនៅក្នុងប្រទេសកម្ពុជាយើងនាប៉ុន្មានខែចុងក្រោយ នេះ ការចម្លងវីរុសកូវីដ-១៩ នៅតែបន្តកើតមាននៅឡើយ ដែលតម្រូវឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវបន្តការ យកចិត្តទុកដាក់ការពារខ្លួនឱ្យបានហ្មត់ចត់ជាប់ជានិច្ច ជាពិសេសនារដូវវស្សាខាងមុខនេះ។ 

ក្រសួងសុខាភិបាល ក៏បានអំពាវនាវដល់សាធារណៈជន ប្រជាពលរដ្ឋ បុគ្គល គ្រួសារ និងសហគមន៍ ស្ថាប័ន អង្គភាពពាក់ព័ន្ធទាំងផ្នែកសាធារណៈនិងឯកជន អាជ្ញាធរ មូលដ្ឋានគ្រប់លំដាប់ថ្នាក់ បន្តពួតដៃរួមគ្នា ក្នុងការការពារសុខភាពរបស់ខ្លួន និងទីកន្លែងធ្វើការរបស់ខ្លួន ដោយ មានការប្រុងប្រយ័ត្នខ្ពស់ និងមានភាពទទួលខុសត្រូវ បន្តអនុវត្តនូវវិធានការសុខាភិបាលឱ្យបានខ្ជាប់ខ្ជួននិងគ្រប់ៗ គ្នា ក្នុងនោះ ពាក់ព័ន្ធនឹងការការពារ និងការចាក់វ៉ាក់សាំងកូវីដ-១៩ នូវដូសជម្រុញបន្ថែមទៀត ដើម្បីបញ្ចៀសនូវការ រីករាលដាលក្នុងសហគមន៍ ក្នុងគ្រួសារ និងស្ថាប័ននានា ដែលអាចកើតមានជាយថាហេតុ៕