ក្រុមជនល្មើសចំនួន ២នាក់ ធ្វើសកម្មភាពឆក់កាបូប ជនជាតិឥណ្ឌូនេស៊ី នៅក្រុងប៉ោយប៉ែត ត្រូវបានបញ្ជូនទៅតុលាការ

បន្ទាយមានជ័យ ៖ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានចាប់ខ្លួនក្រុមជនល្មើសចំនួន ២នាក់ ក្នុងចំណោម ៤នាក់ ដែលបានធ្វើសកម្មភាពឆក់កាបូបរបស់ជនជាតិឥណ្ឌូនេស៊ី នៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានឱ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មាននេះ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថ បានចុះដល់កន្លែងហេតុហើយ ឃាត់ជនសង្ស័យ ២នាក់ មកសួរនាំ។

ជនសង្ស័យ ឌឿន ដម និងឈ្មោះ វី មករា បានសារភាពថា នៅវេលាម៉ោង ២០៖៣០នាទីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥ ខ្លួន និងបក្ខពួកចំចំនួន០២នាក់ទៀតមានឈ្មោះ រាជ (ហេង ប៊ុនរាជ) អាយុ១៧ឆ្នាំ និងឈ្មោះ បញ្ញា (អាន បញ្ញា) អាយុ១៦ឆ្នាំ បាននាំគ្នាទៅផឹកស៊ីនៅហាងស្រា១កន្លែង ម្ដុំស្តារហ្គោល ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។

បន្ទាប់មកក៏នាំគ្នារៀបចំគម្រោងចេញឆក់កាបូបជនជាតិឥណ្ឌូនេស៊ី ដោយឈ្មោះ រាជ បានប្រគល់ម៉ូតូរបស់គេម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ មកឱ្យពួកខ្លួន ចាំធាក់ផ្ដួលម៉ូតូរបស់ជនរងគ្រោះ។ ចំណែកឈ្មោះ រាជ និងឈ្មោះ អាន បញ្ញា បើកម៉ូតូ១គ្រឿងទៀត ធ្វើសកម្មភាពឆក់។

រហូតដល់វេលាម៉ោងកើតហេតុ ក្រុមខ្លួនបានឃើញជនរងគ្រោះជនជាតិឥណ្ឌូនេស៊ីជិះម៉ូតូ២នាក់ (ប្រុស-ស្រី) ហើយក្រុមរបស់ខ្លួន បានជិះម៉ូតូតាមពីក្រោយ។ ពេលដល់ចំណុចមុខហាងបូសោភ័ណឈ្មោះ រាជ និងឈ្មោះ អាន បញ្ញា បានឆក់យកកាបូបស្បាយចំហៀងរបស់ជនរងគ្រោះបានសម្រេច៕