
កំពង់ធំ ៖ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ បានលើកឡើងថា ផែនការអភិវឌ្ឍទេសចរណ៍ខេត្តកំពង់ធំ ក៏ត្រូវបានរៀបចំអនុវត្តជាបន្តបន្ទាប់ ដើម្បីទាក់ទាញអ្នកដំណើរឆ្លងកាត់ និងភ្ញៀវទេសចរ កុំឱ្យទៅហួស មកហួស ដូចមុន។

ក្នុងពិធីដាក់ឱ្យដំណើរការគម្រោងលើកកម្ពស់ជីវភាពប្រជាជនខេត្តកំពង់ធំ នៅសហគមន៍កសិកម្មជ្រលងពន្លឺមានជ័យ ស្ថិតក្នុងស្រុកតាំងគោក ខេត្តកំពង់ធំ នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥ លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹង របស់ក្រុមការងារលើកកម្ពស់ជីវភាពប្រជាជនខេត្តកំពង់ធំ ក៏ដូចជា ក្រុមការងារចុះមូលដ្ឋានទាំងអស់ និងអាជ្ញាធរដែនដី បានយកចិត្តទុកដាក់បំពេញភារកិច្ច ប្រកបដោយសហថាមពល ប្រទាក់ក្រឡាគ្នា ចូលរួមដោះស្រាយបញ្ហាជីវភាពប្រជាជននៅមូលដ្ឋាន, ការបង្កើតឱកាសក្នុងការធ្វើអាជីវកម្ម និងការបង្កើតនិងពង្រីកមុខរបរ ជាពិសេសចំពោះផលិតកម្មកសិកម្មខ្នាតតូចតែផ្ដល់ផលលឿន។

លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ គូសបញ្ជាក់ថា «ចំពោះគម្រោងខ្នាតមធ្យម និងខ្នាតធំសម្រាប់រួមចំណែកអភិវឌ្ឍខេត្តកំពង់ធំ ដែលត្រូវការទុនច្រើន បច្ចេកទេសខ្ពស់ នឹងត្រូវអនុវត្តក្រោមការគាំទ្រពីគម្រោងហិរញ្ញប្បទានដោយដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន។ ជាមួយគ្នានេះ ផែនការអភិវឌ្ឍទេសចរណ៍ខេត្តកំពង់ធំ ក៏ត្រូវបានរៀបចំអនុវត្តជាបន្តបន្ទាប់ ដើម្បីទាក់ទាញអ្នកដំណើរឆ្លងកាត់ និងភ្ញៀវទេសចរ កុំឱ្យទៅហួសមកហួសដូចមុន ព្រមទាំងការបណ្តុះបណ្ដាលចុងភៅ និងរៀបចំភោជនីយដ្ឋានឱ្យមានស្ដង់ដា ទីកន្លែងស្អាត ម្ហូបឆ្ងាញ់ តម្លៃសមរម្យ និងមានលក្ខណៈពិសេសរបស់តំបន់»។

លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បន្ថែមថា ការដាក់ឱ្យដំណើរការគម្រោងលើកកម្ពស់ជីវភាពប្រជាជនខេត្តកំពង់ធំ នាពេលនេះ គឺ «ធ្វើពិត ពុំមែនសំដែងល្ខោនទេ» ។ លោក បានសំណូមពរឱ្យបងប្អូនប្រជាពលរដ្ឋសហគមន៍ត្រូវចូលរួមការបណ្តុះបណ្តាលបច្ចេកទេស ឧស្សាហ៍ព្យាយាម និងត្រូវមានសាមគ្គីភាពល្អ ដើម្បីអនុវត្តគម្រោងនេះឱ្យបានជោគជ័យ៕




Leave a Reply