
ភ្នំពេញ ៖ លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា បច្ចុប្បន្នតម្លៃជ្រូករស់ស្ថិតនៅក្នុងរង្វង់១ម៉ឺនរៀល គឺជាតម្លៃសមរម្យសម្រាប់អ្នកចិញ្ចឹម ។

ការលើកឡើង ក៏ដូចជាការឆ្លើយតប ពីសំណាក់អ្នកនាំពាក្យក្រសួងកសិកម្មនេះ បន្ទាប់ពី លោក សង្កេតឃើញមានការជជែកវែកញែក ពីបញ្ហាថ្លៃជ្រូករស់និងថ្លៃសាច់ជ្រូករបស់ក្រុមអាជីវករលក់សត្វជ្រូករស់ដែលធ្វើឲ្យពួកគាត់មានការព្រួយបារម្ភ ចំពោះការដណ្តើមទីផ្សាររបស់ក្រុមហ៊ុនឯកជនដែលបានសហការគ្នាលក់ក្នុងការកំណត់ថ្លៃលក់ជ្រូករស់មានតម្លៃខ្ពស់(អាចខ្ទង់១១០០០រៀល)។

លោក ឃឹម ហ្វីណង់ នៅថ្ងៃ២៥ ខែមីនា ឆ្នាំ២០២៥ នេះ បានថ្លែងថា ក្រសួងកសិកម្មតែងតែតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះស្ថានភាពកសិផលសំខាន់ៗ រួមទាំងថ្លៃសត្វជ្រូករស់ និងទីផ្សារផ្គត់ផ្គង់សាច់ជ្រូកនេះផងដែរ។ បច្ចុប្បន្ននេះ ថ្លៃជ្រូករស់មានការកើនឡើងប្រសើរជាងមុនសម្រាប់កសិករអ្នកចិញ្ចឹម ប៉ុន្តែថ្លៃនេះមិនទាន់ប៉ះពាល់ដល់ប្រាក់ចំណេញរបស់អ្នកផ្គត់ផ្គង់សាច់ជ្រូក ឬអ្នកបរិភោគនៅឡើយទេ។
លោក បន្តថា «ថ្លៃជ្រូករស់ក្នុងរង្វង់១ម៉ឺនរៀល គឺជាថ្លៃសមរម្យ ហើយអ្នកផ្គត់ផ្គង់សាច់ជ្រូកក៏ធ្លាប់បានទទួលប្រាក់ចំណេញច្រើន ក្នុងអំឡុងពេលដែលថ្លៃជ្រូករស់ថយចុះដោយសារមានការចិញ្ចឹមច្រើន។ ក្នុងករណីថ្លៃជ្រូករស់កើនខ្ពស់លើសពីធម្មតា ក្រសួងនឹងចាត់វិធានការឆ្លើយតបជាក់លាក់ ដូចដែលធ្លាប់បានអនុវត្តលើករណីថ្លៃជ្រូករស់ធ្លាក់ចុះផងដែរ»។

លោកថា កន្លងមក ក្រសួងបានធ្វើកិច្ចការជាច្រើនពាក់ព័ន្ធនឹងការពង្រឹងខ្សែច្រវាក់តម្លៃ និងជួយសម្របសម្រួលផែនការផលិតកម្មឱ្យសមស្របទៅនឹងតម្រូវការទីផ្សារ ខណៈអ្នកផលិតចង់បានថ្លៃខ្ពស់ ហើយអ្នកបរិភោគចង់បានថ្លៃទាប ដូច្នេះមានតែការរក្សាស្ថេរភាពថ្លៃកសិផលប៉ុណ្ណោះ ដែលអាចការពារផលប្រយោជន៍របស់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ និងធានាបាននូវនិរន្តរភាពនៃប្រព័ន្ធស្បៀងអាហាររបស់កម្ពុជា៕

Leave a Reply