សមត្ថកិច្ចស្រាវជ្រាវចាប់បាន យុវជនដៃឆៅ ក្នុងទំនាស់បាំងផ្លូវ 

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនបាន ក្រោយធ្វើសកម្មភាពវាយនិង កាប់បុរសម្នាក់បណ្តាលឲ្យរបួសធ្ងន់ កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅចំណុចក្នុងបុរីកីឡា សង្កាត់វាល់វង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

សមត្ថកិច្ចកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃក្រសួងមហាផ្ទៃ បានឱ្យដឹងថា បន្ទាប់ពីកើតហេតុ សមត្ថកិច្ចបានបើកការស្រាវជ្រាវឈានទៅឃាត់ខ្លួនជនដៃដល់បាន នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ។ ជនសង្ស័យមានឈ្មោះ សុខ សេន អាយុ៣១ឆ្នាំ រស់នៅផ្ទះលេខ១០ ជាន់ទី៦ អាគារទី២ ផ្លូវលេខ ២១១ ភូមិ១២ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ធ្លាប់ជាប់ពន្ធនាគារជាច្រើនលើកមកហើយ ពីបទអំពើហិង្សា កាប់ចាក់បែបនេះ និងជនរងគ្រោះមានឈ្មោះ គង់ រុណ្តា អាយុ៣១ឆ្នាំ មុខរបរ ជាងជួសជុលម៉ូតូ

យោងតាមរូបភាពពីកាមេរ៉ាសុវត្ថិភាពបានបង្ហាញថា ទំនាស់នេះផ្ដើមពីជម្លោះពាក្យសម្ដីនៅពេលបាំង មុខផ្លូវធ្វើដំណើរ ដោយសារមានរថយន្តប្រមូលសំរាម ។ ជនសង្ស័យបានឈប់ម៉ូតូឯបនៅមុខផ្ទះ ឯជនរង គ្រោះធ្វើដំណើរឌុបស្រ្តីម្នាក់ មកពីក្រោយរថយន្តប្រមូលសំរាម រកផ្លូវទៅមុខមិនរួចដោយសារបាំងម៉ូតូ របស់ជនសង្ស័យ ក៏កើតជាជម្លោះពាក្យសម្ដី និងក្លាយជាអំពើហិង្សាបែបនេះតែម្ដង ។ ជនរងគ្រោះ បានរងរបួសជាច្រើនកន្លែង ហើយជនសង្ស័យជិះម៉ូតូចេញទៅបាត់ ។   

បច្ចុប្បន្ន នគរបាលព្រហ្មទណ្ឌកម្រិតស្រាល  បានធ្វើការបញ្ជូនខ្លួនជនសង្ស័យ យកទៅធ្វើការសួរនាំ និង ចាត់ការតាមនីតិវិធីច្បាប់ ៕ ដោយ ៖ រាជសីហ៍០៣