
ព្រៃវែង៖ នាព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ងិន បាណាល់ ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកបាភ្នំ បានអញ្ជើញជាអធិបតីក្នុងពិធីបុណ្យឆ្លងកុដិ និងសម្ពោធសមិទ្ធផលនានានៅវត្តនាគរង្សី ស្ថិតនៅក្នុងភូមិក្រីដូង ឃុំរោងដំរី ស្រុកបាភ្នំ ខេត្តព្រៃវែង។

ឯកឧត្តមបណ្ឌិត ងិន បាណាល់ ចូលរួមអបអរសាទរ ប្រគេនជូនដល់ព្រះសង្ឃគ្រប់គ្រប់ព្រះអង្គ លោកអាចារ្យ គណៈកម្មការ និងពុទ្ធបរិស័ទចំណុះជើងវត្តទាំងអស់ ដោយសទ្ធាជ្រះថ្លា ដែលបានរួបរួមកសាងរហូតសម្រេចបាននូវសមិទ្ធផលជាច្រើន ហើយបានរៀបចំធ្វើពិធីបុណ្យឆ្លង ឬសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាវេលានេះ។

ឯកឧត្តមបណ្ឌិត បានថ្លែងថា ពិធីបុណ្យឆ្លងមហាកុដិ និងសមិទ្ធផលនានា នៅក្នុងទីវត្តនាគរង្សីនេះ បង្ហាញឱ្យឃើញយ៉ាងច្បាស់អំពីការធានាបានយ៉ាងរឹងមាំនូវសន្តិភាពពេញលេញ បរិបូរណ៍នៅព្រះរាជាណាចក្រកម្ពុជា ក្រោមមគ្គុទេសន៍ដ៏ឈ្លាសវៃ និងប៉ិនប្រសព្វរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមមន្ត្រី ដែលបានដាក់ចេញគោលការណ៍ និងបទបញ្ជាយ៉ាងម៉ឺងម៉ាត់ប្រកបដោយប្រសិទ្ធភាព ក្នុងគោលដៅធ្វើយ៉ាងណាបន្តថែរក្សាបានគង់វង្សសុខសន្តិភាព និងស្ថិរភាពជាតិ ធានាដល់ប្រក្រតីភាពសម្រាប់សង្គមជាតិ និងជំរុញដំណើរការអភិវឌ្ឍរីកចម្រើនដល់ជីវភាពរស់នៅរបស់ប្រជាជនគ្រប់រូប។

វត្តអារាមខ្មែរ បានក្លាយទៅជាទីកន្លែង អប់រំទាំងផ្លូវកាយ ផ្លូវចិត្ត កសាងធនធានមនុស្ស ឱ្យមានចំណេះដឹងគ្រប់បែបយ៉ាង រួមទាំងការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈផងដែរ។ វត្ត គឺជាឃ្លាំងសម្រាប់រក្សាទុកនូវ មត៌កវប្បធម៌ ប្រពៃណី ចំណេះដឹងដ៏សំបូរបែប ដែលផ្តល់គុណតម្លៃសម្រាប់ការសិក្សាស្រាវជ្រាវមិនចេះរីងស្ងួតឡើយ។

យោងតាមក្រសួងធម្មការ និងសាសនា បច្ចុប្បន្ននេះ នៅទូទាំងប្រទេសកម្ពុជា មានវត្តមហានិកាយចំនួន ៤ ៨៦៦ វត្ត និងធម្មយុត្តិចំនួន ២៦៧ វត្ត។ ដោយមានព្រះសង្ឃសរុបចំនួនជាង ៦ម៉ឺន៨ពាន់អង្គ
ក្នុងនោះ មហានិកាយចំនួន ៦ម៉ឺន៦ពាន់អង្គ និងធម្មយុត្តិចំនួន ២ពាន់៣០០អង្គ៕





Leave a Reply