
ភ្នំពេញ ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានគូសបញ្ជាក់ពីគន្លឹះសំខាន់ៗនៃកំណែទម្រង់ក្នុងវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ក្នុងអាណត្តិទី៧ នៃរាជរដ្ឋាភិបាលកម្ពុជា។

លោករដ្ឋមន្ត្រី បន្ដថា ពោលគឺដើម្បីបង្កើតកម្លាំងពលកម្មជំនាញ ដែលជាអាទិភាពរបស់កម្ពុជា ក្នុងការទាក់ទាញការវិនិយោគ និងជំរុញផលិតភាពនៃកម្លាំងពលកម្មដែលជាធនធានមានសមត្ថភាព និងផលិតភាពខ្ពស់ ឆ្លើយតបនឹងតម្រូវការទីផ្សារការងារនាពេលបច្ចុប្បន្ន និងអនាគត។

ការគូសបញ្ជាក់នូវគន្លឹះសំខាន់ៗនេះ គឺនៅក្នុងឱកាស លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញចូលរួមជាវាគ្មិនក្នុងកិច្ចពិភាក្សា ស្តីពី «បញ្ហាប្រឈមនៃរចនាសម្ព័ន្ធ និងរបៀបវារៈកំណែទម្រង់បន្ទាន់សម្រាប់កំណើនរយៈពេលវែងដោយគុណភាព»។

ទន្ទឹមនេះ លោករដ្ឋមន្ត្រី បានលើកឡើងអំពីអាទិភាពដែលក្រសួងការងារ និងបណ្តុបណ្តាលវិជ្ជាជីវៈ បាននិងកំពុងធ្វើការដើម្បីបង្កើតកម្លាំងពលកម្មជំនាញ ជាពិសេសការពង្រឹងលើវិស័យ TVET និងការបណ្តុះបណ្តាលជំនាញពាក់ព័ន្ធនឹង វិស័យបច្ចេកទេស ឧស្សាហកម្ម ដែលស្របទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។

សូមបញ្ជាក់ថា គោលបំណងចម្បងនៃសន្និសីទឆ្នាំនេះ គឺដើម្បីធ្វើការវាយតម្លៃពីភាពខ្លាំង និងភាពខ្សោយនៃសមិទ្ធកម្មសេដ្ឋកិច្ចរបស់កម្ពុជានាពេលបច្ចុប្បន្ន ដើម្បីកំណត់ទិដ្ឋភាព សំខាន់ៗដែលចាំបាច់ត្រូវកែលម្អ ដើម្បីសម្រេចបាននូវចក្ខុវិស័យអភិវឌ្ឍន៍កម្ពុជា ដោយមានការសម្របសម្រួលកិច្ចសន្ទនា ក្នុងចំណោមអ្នកជំនាញជាន់ខ្ពស់ដើម្បីយល់ឱ្យកាន់តែច្បាស់អំពីបញ្ហាប្រឈមចំពោះមុខ និងកាលានុវត្តភាព ដើម្បីជួយកម្ពុជា ក្នុងការអនុវត្តកម្មវិធីកំណែទម្រង់ប្រកបដោយប្រសិទ្ធភាព ក្នុងបរិការណ៍ នៃស្ថានភាព ដែលមានភាពមិនច្បាស់លាស់ដែលអាចប៉ះពាល់ដល់គន្លងនៃការអភិវឌ្ឍនាពេលអនាគត នៅកម្ពុជា៕


Leave a Reply