វិនិយោគិនជប៉ុនជាង ៤០ក្រុមហ៊ុន មកស្វែងរកឱកាសវិនិយោគនៅកម្ពុជា ដើម្បីពង្រីកអាជីកម្មក្រៅប្រទេសរបស់ខ្លួន  

ភ្នំពេញ ៖ តំណាងក្រុមហ៊ុនជប៉ុនចំនួន៤៤ ដែលសម្របសម្រួលដោយ អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) បានមកស្វែងរកឱកាសវិនិយោគនៅកម្ពុជា ដើម្បីពង្រីកអាជីកម្មក្រៅប្រទេសរបស់ខ្លួន ខណៈកាលពីឆ្នាំ២០២៤ ក្រុមហ៊ុនជប៉ុនជាង ៩០បានចុះបញ្ជីវិនិយោគនៅកម្ពុជា។

តំណាងក្រុមហ៊ុនជប៉ុនទាំងនោះ បានជួបពិភាក្សាការងារជាមួយមន្រ្តីជាន់ខ្ពស់កម្ពុជា រួមមាន លោកឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងលោកឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាផងដែរ។

ថ្លែងក្នុងពិធីទទួលស្វាគមន៍ និងជំនួបផ្គូផ្គងធុរកិច្ច នាថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ នៅសណ្ឋាគារ រ៉ាហ្វិល ឡឺ រ៉ូយ៉ាល់ លោក Kohei Wakabayashi ប្រធានតំណាអង្គការ JETRO បានឱ្យដឹងថា ក្រុមវិនិយោគិនទាំងនេះ មិនត្រឹមតែមកពីប្រទេសជប៉ុនប៉ុណ្ណោះទេ ថែមទាំងមកពីប្រទេសថៃ វៀតណាម ចិន និងប្រទេសផ្សេងៗទៀតផងដែរ។

ក្រុមហ៊ុនទាំងនេះ កំពុងពិចារណាយ៉ាងយកចិត្តទុកដាក់លើការវិនិយោគ និងធ្វើអាជីវកម្មនៅកម្ពុជា ហេតុដូច្នេះហើយទើប JETRO រៀបចំជំនួបរវាងពួកគេ និងមន្រ្តីជាន់ខ្ពស់ ក៏ដូចជាអ្នកជំនួញនៅកម្ពុជា ដើម្បីសិក្សា និងផ្គូផ្គងធុរកិច្ចទៅវិញទៅមក។ ក្នុងពិធីជួបជុំនេះ ក៏មានក្រុមហ៊ុនកម្ពុជាប្រមាណ៤០ក្រុមហ៊ុន បានចូលរួមផងដែរ។

លោកថ្លែង បន្តថា «សង្ឃឹមថាព្រឹត្តិការណ៍ថ្ងៃនេះ នឹងនាំទៅរកឱកាសអាជីវកម្មឱ្យបានច្រើន តាមដែលអាចធ្វើទៅបាន»។

ក្នុងពិធីទទួលស្វាគមន៍ និងជំនួបផ្គូផ្គងធុរកិច្ច ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី បានថ្លែងថា វត្តមានរបស់វិនិយោគិនជប៉ុនទាំងនេះ បង្ហាញឱ្យឃើញយ៉ាងច្បាស់អំពីបំណង និងចំណាប់អារម្មណ៍យ៉ាងខ្លាំង ក្នុងការវិនិយោគ និងប្រកបធុរកិច្ចនៅកម្ពុជា។

ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បានគូសបញ្ជាក់ថា ការលើកកម្ពស់ពាណិជ្ជកម្ម និងការវិនិយោគរវាងកម្ពុជានិងជប៉ុន រាជរដ្ឋាភិបាលកម្ពុជាបានកំពុង បន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការតាមដាន និងដោះស្រាយ បញ្ហាប្រឈមនិងកង្វល់នានារបស់វិស័យឯកជន និងជាពិសេសលើកទឹកចិត្តឱ្យសហគមន៍វិនិយោគិនជប៉ុនលើកឡើងអំពីបញ្ហាប្រឈមនានាឱ្យចំៗដោយបើកចំហរ៕