នគរបាលខេត្តព្រៃវែង ឃាត់ឱ្យតៃកុងរថយន្តក្រុង ភ្នំពេញ-វៀតណាម បើកបរល្មើសច្បាប់ យកមកអប់រំ និងធ្វើកិច្ចសន្យាជាច្រើននាក់

ភ្នំពេញ ៖ កម្លាំងនគរបាលចរាចរណ៍នៃស្នងការដ្ឋានខេត្តព្រៃវែងបានធ្វើប្រតិបត្តិការឃាត់រថយន្តក្រុងដឹកអ្នកដំណើរភ្នំពេញ-វៀតណាម ដែលបើកបរល្មើសច្បាប់ចរាចរណ៍ផ្លូវគោក យកមកអប់រំធ្វើកិច្ចសន្យាជាច្រើននាក់។ នេះបើតាមការចេញផ្សាយរបស់ឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការ នៃស្នងការដ្ឋានខេត្តព្រៃវែង បង្ហោះនាព្រលប់ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥នេះ។ 

តាមរយៈទំព័រហ្វេសប៊ុក លោកស្នងការ បានសរសេរ រៀបរាប់ថា រថយន្តក្រុង កម្ពុជា-វៀតណាម វៀតណាម-កម្ពុជា ជាច្រើនគ្រឿងដែលឆ្លងកាត់ខេត្តព្រៃវែង មានខ្លះល្មើសច្បាប់ចរាចរណ៍ ខ្លះត្រឹមត្រូវ ត្រូវបានឃាត់អប់រំយ៉ាងហ្មត់ចត់ដោយមិនផាកពិន័យ និងធ្វើឱ្យបានគ្រប់ៗគ្នាតែម្តង។  លោកស្នងការបន្តថា«តទៅទៀត បើពួកគាត់នៅតែល្មើស នោះការអនុវត្តច្បាប់យ៉ាងតឹងរឹងត្រូវតែធ្វើ ហើយសុំកុំប្រមាថនគរបាល ។ ច្បាស់ហើយ នគរបាលចរាចរណ៍មិនល្អឥតខ្ចោះនោះទេ តែខ្ញុំជាប្រធានអង្គភាពនឹងខិតខំសម្អាតឱ្យបានតាមតែអាចធ្វើទៅបាន។ យ៉ាងណាក៏ដោយ ខ្ញុំជឿថា អ្នកចូលចិត្តប្រព្រឹត្តល្មើសនៅតែល្មើសកែពិបាកឡើង ម្យ៉ាងនគរបាលយើងក៏គ្មានលទ្ធផលឈរប្រចាំការមើល ១០០ម៉ែត្រមួយៗនោះដែរ ។ ទាមទារការចូលរួម»។ 

ថ្មីៗនេះ អ្នកនាំពាក្យ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា, លោក រ៉េន រតនៈ ទើបតែបញ្ជាក់អំពីចំណារ របស់ ឯកឧត្តមអភិសន្ដិបណ្ឌិត ណែនាំទៅអគ្គស្នងការដ្ឋាននគរបាលជាតិ អនុវត្តវិធានការមួយចំនួនលើរថយន្តក្រុងដឹកអ្នកដំណើរភ្នំពេញ-វៀតណាម ដែលត្រូវបានសង្កេតឃើញថា មានសកម្មភាពបើកបរតាមដងផ្លូវល្មើសនឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក បើកបរវ៉ាជែងគ្មានសណ្ដាប់ធ្នាប់ បង្កក្ដីព្រួយបារម្ភលើអ្នកដំណើរ និងប្រជាពលរដ្ឋរស់នៅតាមបណ្ដាដងផ្លូវ។

សកម្មភាពនេះ ក៏ទទួលការរិះគន់ច្រើនលើកច្រើនសារពីសំណាក់ប្រជាពលរដ្ឋ ស្របពេលដែលជារឿយៗមានករណីគ្រោះថ្នាក់ចរាចរណ៍បង្កដោយរថយន្តដឹកអ្នកដំណើរនេះកើតមានឡើងតាមបណ្ដាផ្លូវជាតិលេខ១ជាបន្តបន្ទាប់។ នេះជាការបន្ថែមពីលោក រ៉េន រតនៈ។ 

ជុំវិញព័ត៌មាននេះ លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ការអនុវត្តតឹងរឹងបែបនេះមិនមែនជាការរើសអើងលើអ្នកបើកបររថយន្តក្រុងកម្ពុជា-វៀតណាម ឬវៀតណាម-កម្ពុជានោះទេ។ ប៉ុន្តែដោយសារតែគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងម្ដងហើយម្ដងទៀត ដែលនាំឱ្យប៉ះពាល់ទៅដល់សតិអារម្មណ៍របស់មហាជនទូទៅ ទាំងអ្នកប្រើប្រាស់ផ្លូវ និងប្រជាពលរដ្ឋដែលរស់នៅតាមដងផ្លូវជាតិលេខ១ ដែលចាំបាច់ត្រូវអនុវត្តជាគំរូ ដោយនៅដំណាក់កាលបន្ទាប់ គឺនឹងត្រូវអនុវត្តចំពោះអ្នកបើកបរទូទៅផងដែរ៕