រៀបផែនការរំដោះអ្នកទោសម្នាក់ ពីពន្ធនាគារខេត្តស្វាយរៀងបានសម្រេច 

ស្វាយរៀង ៖ ជនសង្ស័យមួយក្រុមបានរៀបចំផែនការនិងឈានទៅសម្រេចផែនការ ដោយបានរំដោះ អ្នកទោសម្នាក់បានសម្រេច ចេញពីពន្ធនាគារខេត្តស្វាយរៀង កាលពីវេលាម៉ោង០៤និង២៥នាទីល្ងាច ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ នៅខាងមុខពន្ធនាគារខេត្តស្វាយរៀង ស្ថិតនភូមិស្រះវង់ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង។ 

ទោះជាយ៉ាងនេះក្ដី ភ្លាមៗបន្ទាប់ពីពួកគេបានធ្វើសកម្មភាព នៅល្ងាចថ្ងៃដដែលសមត្ថកិច្ចបានបើកប្រតិបត្តិការស្រាវជ្រាវចាប់ខ្លួនបានជនសង្ស័យ០៣រូប ពាក់ព័ន្ធក្រុមរំដោះខាងលើ ក្នុងនោះមានស្រ្តី២នាក់ យកទៅសាកសួរ នៅការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគបាលខេត្តស្វាយរៀង។ តាមប្រភពពីម្ចាស់ផ្ទះសំណាក់ចំនួន០២ បាននិយាយថា ក្រុមជនសង្ស័យមានចំនួន០៨នាក់ (ស្រី០៣) ដែលបានមកជួលស្នាក់នៅជិតកន្លះខែមកហើយ ។ 

ប្រភពព័ត៌មានឱ្យដឹងថា ក្រុមជនសង្ស័យសុទ្ធសឹងជាជនជាតិវៀតណាម ឯអ្នកទោសដែលត្រូវរំដោះទៅ នោះក៏ជាជនជាតិវៀតណាម ដែលត្រូវបានលោកចៅក្រមចេញដីកាឃុំខ្លួនបណ្តោះអាសន្ន ក្នុងពន្ធនាគារខេត្តស្វាយរៀង ពីបទជួញដូរគ្រឿងញៀន និងរក្សាទុកអាវុធ គ្រាប់រំសេវដោយខុសច្បាប់ ដែលប្រព្រឹត្តនៅក្រុងបាវិត ។ 

ប្រភពព័ត៌មានឱ្យដឹងទៀតថា មុនពេលកើតហេតុ មានបុរសជនជាតិវៀតណាមម្នាក់ បានមកសុំមន្ត្រីនគបាលយាមពន្ធនាគារសុំជួបសួរសុខទុក្ខជនសង្ស័យ ពេលនោះមន្ត្រីយាមពន្ធនាគារបាននាំជនសង្ស័យ ពីក្នុងពន្ធនាគារ ទៅទ្វារពន្ធនាគារខាងមុខ ខណៈដែលជនសង្ស័យជាអ្នកទោសដើរដល់មាត់ទ្វារខាងមុខ ស្រាប់តែជនសង្ស័យដែលរង់ចាំនៅខាងមុខនោះបានដកអាវុធខ្លីភ្ជង់មន្ត្រីពន្ធនាគារ ហើយជនសង្ស័យជាអ្នកទោសបានយកកាំភ្លើងពីបក្ខពួករបស់គេ បាញ់ទៅលើមន្ត្រីពន្ធនាគារតែអត់ផ្ទុះ ហើយជនសង្ស័យទាំងពីរបានឡើងជិះម៉ូតូចេញទៅ ។ ភ្លាមៗក៏ត្រូវបានមន្ត្រីពន្ធនាគារម្នាក់ទៀត បានរត់ដេញតាមម៉ូតូជនល្មើសដែរ តែឈប់ដេញវិញ ដោយសារដឹងពួកវាមានកាំភ្លើង ។ សមត្ថកិច្ចកំពុងបន្តនីតិវិធីលើករណីនេះ ៕ ដោយ ៖ រាជសីហ៍០២