លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ៖ ជប៉ុន ជាដៃគូយ៉ាងសំខាន់ក្នុងការជួយកសាង និងស្តារសន្តិភាពនៅកម្ពុជា គ្រប់ដំណាក់កាល

ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានថ្លែងឱ្យដឹងថា ជប៉ុន គឺជាដៃគូយ៉ាងសំខាន់ក្នុងការជួយកសាង និងស្តារសន្តិភាពនៅកម្ពុជា គ្រប់ដំណាក់កាល ហើយប្រជាជនជប៉ុនតែងតែស្ថិតក្នុងបេះដូង របស់ប្រជាជនកម្ពុជាជានិច្ច។

ការលើកឡើងរបស់ លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត នាឱកាសអញ្ជើញដឹកនាំគណៈប្រតិភូនៃទីស្តីការគណៈរដ្ឋមន្ត្រី ជួបពិភាក្សាការងារជាមួយ លោក Murakami Seiichiro រដ្ឋមន្ត្រីក្រសួងកិច្ចការផ្ទៃក្នុង និងទូរគមនាគមន៍ជប៉ុន នៅថ្ងៃទី៣ កុម្ភៈ ក្នុងដំណើរទស្សនកិច្ច នៅប្រទេសជប៉ុន។

នាឱកាសនោះ លោក វង្សី វិស្សុត បានគូសបញ្ជាក់ថា កម្ពុជានិងជប៉ុនបានកសាងទំនាក់ទំនងយ៉ាងស្អិតរមួត ដោយផ្អែកលើការទុកចិត្តគ្នាទៅវិញទៅមក។ ជាក់ស្តែងឆ្នាំ២០២៥នេះ គឺជាខួបលើកទី៧២ នៃការបង្កើតទំនាក់ទំនងការទូតរវាងជប៉ុននិងកម្ពុជា ហើយទំនាក់ទំនងនៃប្រទេសទាំងពីរត្រូវបានដំឡើងជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ កាលពីខែមករា ឆ្នាំ២០២៣ កន្លងទៅនេះ។

លោក បានគូសបញ្ជាក់ថា «ប្រទេសជប៉ុនស្ថិតក្នុងចំណោមប្រទេសដំបូងគេ ដែលបានទទួលស្គាល់ឯករាជ្យភាពរបស់ប្រទេសកម្ពុជា ក្រោយពីកម្ពុជាទទួលបានឯករាជ្យភាពពេញលេញ។ លើសពីនេះ ជប៉ុន គឺជាដៃគូយ៉ាងសំខាន់ក្នុងការជួយកសាងនិងស្តារសន្តិភាពនៅកម្ពុជានៅគ្រប់ដំណាក់កាលរួមមាន ដំណាក់កាលទី១ ការកសាងសន្តិភាព, ដំណាក់កាលទី២ ការរក្សាសន្តិភាព, ដំណាក់កាលទី៣ ការស្តារនីតិសម្បទាឡើងវិញ, និងដំណាក់កាលទី៤ ការអភិវឌ្ឍរហូតមកដល់បច្ចុប្បន្ន។ តាមរយៈទំនាក់ទំនងដ៏ស្អិតរមួតនេះ ប្រទេសជប៉ុន និងប្រជាជនជប៉ុនតែងតែស្ថិតនៅក្នុងបេះដូងរបស់ប្រជាជនកម្ពុជាជានិច្ច»។

លោក បានសង្កត់ធ្ងន់ថា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានប្តេជ្ញាជំរុញការកែទម្រង់អភិបាលកិច្ចលើការដ្ឋានសំខាន់ៗ រួមមាន ការកែទម្រង់រដ្ឋបាលសាធារណៈ ការកែទម្រង់ហិរញ្ញវត្ថុសាធារណៈ ការកែទម្រង់ប្រព័ន្ធច្បាប់ និងការកែទម្រង់ប្រព័ន្ធយុត្តិធម៌ ជាដើម។

ក្នុងស្មារតីបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត លោក Murakami Seiichiro បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងបានចែករំលែកចំណេះដឹង និងបទពិសោធមួយចំនួន និងបានបង្ហាញជំហរស្វាគមន៍និងគាំទ្រដល់ដំណើរការអនុវត្តការដ្ឋានកែទម្រង់សំខាន់ៗពាក់ព័ន្ធ ជាពិសេសលើការងារកែទម្រង់ច្បាប់ ការងារតាមដាននិងវាយតម្លៃការអនុវត្តគោលនយោបាយនិងយុទ្ធសាស្ត្រ និងការវាយតម្លៃផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្តរបស់រាជរដ្ឋាភិបាល ដែលការដ្ឋានការងារទាំងនេះក៏ជាមុខងារ និងតួនាទីរបស់ក្រសួងកិច្ចការផ្ទៃក្នុង និងទូរគមនាគមន៍ជប៉ុនផងដែរ៕