
អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ បានបង្ហាញពីវិធានការអនុវត្តទណ្ឌកម្មវិន័យទៅលើ នាយទាហាននៃកងរាជអាវុធហត្ថខេត្តកណ្ដាល ឈ្មោះ ពៅ សាលួត ចំនួន០២ចំណុច ដែលបានបោចសក់ក្របួចអូស យុវជនម្នាក់ដែលជាតៃកុងរថយន្តធន់ធំ កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ នៅផ្លូវជាតិលេខ៦ ចំណុចស្ពានភូមិថ្មី ឃុំរកាកោង២ ស្រុកមុខកំពូល ខេត្តកណ្ដាល ។

អ្នកនាំពាក្យ បានបង្ហាញជូនសាធារណៈជនជ្រាប អំពីវិធានការអនុវត្តទណ្ឌកម្មវិន័យទៅលើ នាយទាហាននៃកងរាជអាវុធហត្ថខេត្តកណ្ដាល ឈ្មោះ ពៅ សាលួត ដែលបានបំពានក្រមសីលធម៌ វិជ្ជាជីវៈ កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ ក្នុងពេលចូលរួមសហការជាមួយនគរបាលចរាចរណ៍ អធិការដ្ឋាននគរបាលស្រុកមុខកំពូល ដែលជាក្រុមការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស តាមការស្នើសុំរបស់មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកណ្តាល នៅលើដងផ្លូវជាតិលេខ៦A ស្ថិតក្នុងភូមិស្ពានថ្មី ឃុំរកាកោង២ ស្រុកមុខកំពូល ខេត្តកណ្តាល ។
ទណ្ឌកម្មវិន័យនោះរួមមាន ៖ ១-ធ្វើការស្តីបន្ទោស និងកិច្ចសន្យាទទួលកំហុសការប៉ះពាល់ដល់សីលធម៌កងទ័ព កិរិយាមារយាទ ដូចមានចែងក្នុងបទវិន័យទូទៅចំពោះកងយោធពលខេមរភូមិន្ទ។ ២-ធ្វើការត្រួតពិនិត្យ បញ្ជូនទៅអប់រំ និងមិនអនុញ្ញាតិឱ្យយោធិន នៃកងរាជអាវុធហត្ថរូបនេះ បំពេញតួនាទី ភារកិច្ចណាដែលជាប់ពាក់ពន្ធ័ទៅនឹងប្រជាពលរដ្ឋដោយផ្ទាល់ ៕
Leave a Reply