សមាជិក ប.ស.ស ក្រោយសម្រាកព្យាបាលនៅមន្ទីរពេទ្យចាប់ពី ៨ថ្ងៃឡើងទៅ និងទទួលបានប្រាក់បំណាច់ការងារប្រចាំថ្ងៃ ៧០%

បេឡាជាតិសន្តិសុខសង្គម(ប.ស.ស.) បានឱ្យដឹងថា នៅពេលដែលសមាជិក ប.ស.ស. ធ្លាក់ខ្លួនមានជំងឺ ឬ ជួបគ្រោះថ្នាក់ផ្សេងៗ កំពុងបម្រើការងារនៅតាមសហគ្រាស គ្រឹះស្ថាន មិនអាចមកធ្វើការបានដោយសារការធ្លាក់ខ្លួនមានជំងឺ ឬ ជួបគ្រោះថ្នាក់ផ្សេងៗ ដែលមានវេជ្ជបញ្ជាត្រឹមត្រូវពីគ្រូពេទ្យព្យាបាល តម្រូវឱ្យសម្រាកព្យាបាលចាប់ពីថ្ងៃទី ៨ ឡើងទៅនោះ ប.ស.ស នឹងផ្តល់ប្រាក់បំណាច់ប្រចាំថ្ងៃ ៧០% នៃប្រាក់ឈ្នួលជាប់ភាគទានប្រចាំថ្ងៃរបស់សាមីខ្លួនដែលជាសមាជិក ប.ស.ស. ដោយរាប់ចាប់ពីថ្ងៃទី ១ ដែលសមាជិក ប.ស.ស. បានទៅពិនិត្យព្យាបាលនៅមន្ទីរពេទ្យដៃគូរបស់ ប.ស.ស។

ប.ស.ស បានបន្តថា ការផ្តល់ជូននេះ លុះត្រាតែសមាជិក ប.ស.ស បានបង់ភាគទានផ្នែកថែទាំសុខភាពមក ប.ស.ស បានចំនួន ២ ខែ ជាប់គ្នា ឬ ៦ ខែ ក្នុងរយៈពេល ១២ ខែចុងក្រោយ គិតមកដល់ខែដែលមានបញ្ហាសុខភាព។

ប.ស.ស បានបញ្ជាក់ថា ដោយឡែកសម្រាប់សមាជិក ប.ស.ស ជាស្ត្រីមានផ្ទៃពោះ នឹងទទួលបានប្រាក់បំណាច់មាតុភាពពី ប.ស.ស ហើយការផ្តល់ជូននេះ លុះត្រាតែសមាជិក ប.ស.ស ជាស្ត្រីសម្រាលកូន បានបង់ភាគទានផ្នែកថែទាំសុខភាពមក ប.ស.ស យ៉ាងតិច ៩ ខែ ក្នុងរយៈពេល ១២ ខែចុងក្រោយ គិតមកដល់ខែដែលបានសម្រាលកូន។

លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា គិតត្រឹមថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០២៤ បេឡាជាតិសន្តិសុខសង្គម(ប.ស.ស) មានសមាជិកកើនឡើងដល់ ២ ៧០៥ ៩១៩ នាក់ នៅទូទាំងប្រទេស ដែលបង្ហាញយ៉ាងច្បាស់ថាប្រជាពលរដ្ឋកាន់តែជឿទុកចិត្ត និងយល់ដឹងច្បាស់ពីអត្ថប្រយោជន៍ នៃ ប.ស.ស។

លោកបានបន្តថា ចំណោមសមាជិក ប.ស.ស ជាង ២ លាន ៧ សែននាក់ ក្នុងនោះ សមាជិក ប.ស.ស ផ្នែកថែទាំសុខភាពលើវិស័យសាធារណៈមានចំនួន ៥០៤ ៧៩៦ នាក់ សមាជិក ប.ស.ស វិស័យឯកជនចំនួន ១ ៥៦៩ ២៣២ នាក់ សមាជិក ប.ស.ស ជាបុគ្គលស្វ័យនិយោជន៍ចំនួន ៤៨១ ២២០ នាក់ និងសមាជិក ប.ស.ស ជាអ្នកក្នុងបន្ទុកសមាជិក ប.ស.ស (សហព័ទ្ធ និងកូន) ចំនួន ១៥០ ៦៧១ នាក់៕