ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ជំរុញដល់អាជ្ញាធរ ជាពិសេសកម្លាំងនគរបាលខេត្តសៀមរាប បំពេញភារកិច្ចប្រកបដោយការ ទទួលខុសត្រូវ ដើម្បីផ្តល់ភាពកក់ក្តៅជូនប្រជាជននិងភ្ញៀវទេសចរណ៍

សៀមរាប ៖ ក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំនិងមន្ត្រីនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជំរុញដល់អាជ្ញាធរ ជាពិសេសកងកម្លាំងនគរបាលខេត្តសៀមរាប បន្តកិច្ចខិតខំប្រឹងប្រែង បំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវ ដើម្បីផ្តល់ភាពកក់ក្តៅជូនប្រជាជន និងភ្ញៀវទេសចរណ៍ទាំងជាតិនិងអន្តរជាតិ ។ 

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានណែនាំដល់អាជ្ញាធរនិងកម្លាំងនគរបាលខេត្តសៀមរាប ឱ្យបន្តការពារឱ្យបានជាដាច់ខាតនូវសន្តិភាព ស្ថិរភាព នយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ដែលជាបុរេលក្ខខណ្ឌមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍប្រទេសជាតិ។ 

ក្រៅពីការរក្សាឱ្យបាននូវសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ សម្រាប់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរណ៍ ត្រូវតែបន្តយកចិត្តទុកដាក់លើការងារមួយចំនួនទៀត ក្នុងនោះ រួមមាន៖ ការយកចិត្តទុកដាក់ចំពោះអាជីវករ ក៏ដូចជាម្ចាស់ទីតាំងសេវាកម្សាន្តនានា ដែលឆ្លៀតឱកាសដំឡើងថ្លៃលើម្ហូបអាហារ ក៏ដូចជាទីតាំងរបស់ខ្លួន ខុសពីប្រក្រតី នាំឱ្យប៉ះពាល់ដល់អារម្មណ៍របស់ភ្ញៀវទេសចរ ទាំងជាតិនិងអន្តរជាតិ។

ជាមួយគ្នានោះ ត្រូវបង្កើនការត្រួតពិនិត្យតាមទីតាំងដែលជាគោលដៅ នៃការប្រើប្រាស់គ្រឿងញៀននៅតាមក្លិប កម្សាន្ត ឬខារ៉ាអូខេជាដើម, ជំរុញការពង្រឹងប្រសិទ្ធភាពនៃការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព និងការពិនិត្យតាមដានចំពោះកាយសម្បទា ក៏ដូចជាសុខភាពរបស់កងកម្លាំង ដោយមិនត្រូវបណ្តែតបណ្តោយឱ្យមន្ត្រីនគរបាល មានក្បាលពោះធំ ឬក៏ធាត់ខ្លាំងនោះឡើយ ។ 

ឯកឧត្តមអភសន្តិបណ្ឌិត ស សុខា សង្ឃឹមយ៉ាងមុតមាំថា ស្ថានភាពល្អប្រសើរផ្នែកសន្តិសុខនេះ នឹងបន្តកើតមានតទៅទៀត ក្រោមស្មារតី
យកចិត្តទុកដាក់ខ្ពស់ពីសំណាក់រដ្ឋបាលខេត្ត អាជ្ញាធរពាក់ព័ន្ធ ជាពិសេសពីសំណាក់កងកម្លាំងនគរបាលជាតិគ្រប់លំដាប់ថ្នាក់ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបទាំងមូល។

ក្នុងឱកាសនោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បាននាំយកគ្រឿងឧបភោគ-បរិភោគ រួមមាន៖ អង្ករចំនួន១០តោន មី ចំនួន៥០កេសធំ ត្រីខកំប៉ុងចំនួន៥០កេស ទឹកបរិសុទ្ធចំនួន ៥០០កេស អាវភ្លៀងចំនួន៣០០អាវ ប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តនិងបានឧបត្ថម្ភថវិកា ជូនដល់កងកម្លាំងនគរបាលចំនួន១ ០០០នាក់ ដោយក្នុងម្នាក់ៗចំនួន ៥ម៉ឺនរៀលផងដែរ៕