ផ្លូវ៦០ម៉ែត នឹងមានកាមេរ៉ាចាប់ល្បឿនយានយន្ត និងគោលដៅត្រួតពិនិត្យច្បាប់ចរាចរណ៍បន្ថែម ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍

ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំមន្ត្រីជំនាញ អាជ្ញាធរដែនដីចុះពិនិត្យ និងសិក្សាពីស្ថានភាពផ្លូវ ៦០ម៉ែត្រ ដើម្បីរកមធ្យោបាយធ្វើយ៉ាងណាឲ្យផ្លូវនេះកាត់បន្ថយបាននូវការគ្រោះថ្នាក់ចរាចរណ៍។

ក្រោយត្រួតពិនិត្យ ក្រសួងសាធារណការ និងដឹកជញ្ជូន និងរដ្ឋបាលរាជធានីភ្នំពេញ បានឯកភាពគ្នាដោយសម្រេចបង្កើនកម្លាំងនគរបាលចរាចរណ៍ ជាមួយនឹងការរឹតបន្ដឹងការផាកពិន័យ ចំពោះអ្នកបើកបរមិនគោរពច្បាប់ចរាចរណ៍ និងបើកបរលើសល្បឿនកំណត់នៅលើកំណត់ផ្លូវ៦០ម៉ែត្រ ក្នុងមូលដ្ឋានខណ្ឌមានជ័យ និងខណ្ឌដង្កោ។

ពាក់ព័ន្ធការងារខាងលើ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានបញ្ជាក់ឲ្យដឹងថា ក្នុងឱកាសនៃការចុះត្រួតពិនិត្យនៅលើដងផ្លូវ៦០ម៉ែត្រ ហៅផ្លូវសម្ដេចតេជោហ៊ុន សែន ខាងលើនេះ ឯកឧត្តម ប៉េង ពោធិនា និងឯកឧត្តម ឃួង ស្រេង បានឯកភាពគ្នាលើចំណុចមួយចំនួន ក្នុងនោះរួមមាន៖ នៅលើកំណត់ផ្លូវ៦០ម៉ែត្រ ត្រូវបង្កើនកម្លាំងនគរបាលចរាចរណ៍ ដើម្បីត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ និងការផាកពិន័យ ចំពោះអ្នកបើកបរលើសល្បឿនកំណត់ ពោលគឺកម្លាំងត្រូវអនុវត្តការងារដោយភាពទទួលខុសត្រូវ និងតឹងរឹងជាងមុន។

បន្ថែមពីនេះ ត្រូវគូសគំនូសសញ្ញាចរាចរណ៍ជាថ្មី និងដាក់ភ្លើងស្តុបថ្មីបន្ថែមទៀត ហើយក៏នឹងបន្ថែមចំណាំងផ្លាតលើផ្លូវនេះ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងផ្ដល់ភាពងាយស្រួលក្នុងការធ្វើដំណើរទាំងពេលយប់ទាំងថ្ងៃ។

លោកប្រធានមន្ទីរ បន្តថា ការដាក់កាមេរ៉ាសុវត្ថិភាព ដាក់ផ្លាកសញ្ញាកំណត់ល្បឿន ដោយចាប់ពីភ្លើងស្តុបមែកសឺដែស ដល់ស្ពានអាកាស «មរតកតេជោ» អាចបើកបរក្នុងល្បឿន ៤០គីឡូម៉ែត្រ ក្នុងមួយម៉ោង។ ចាប់ពីផ្លូវជាតិលេខ២ មកដល់ភ្លើងស្តុបមែកសឺ ដែសកំណត់ល្បឿន៦០គីឡូម៉ែត្រ ក្នុងមួយម៉ោង។

ក្នុងឱកាសនោះ ឯកឧត្តម រដ្ឋមន្ត្រី និងឯកឧត្តម អភិបាលរាជធានីភ្នំពេញ បានចែកមួកសុវត្ថិភាពដល់ប្រជាពលរដ្ឋ ដែលបានឆ្លើយសំណួរបានត្រឹមត្រូវ ពាក់ព័ន្ធនឹងច្បាប់ចរាចរណ៍ ជាមួយការអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ ត្រូវគ្រប់គោរពច្បាប់ចរាចរណ៍ ដោយពាក់មួកសុវត្ថិភាពឲ្យបានត្រឹមត្រូវ ចៀសវាងឲ្យបាននៅហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដោយក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ លើបណ្តោយផ្លូវ៦០ម៉ែត្រនេះ៕