ជនជាតិថៃប្រុសស្រី២នាក់កំពុងជិះម៉ូតូឌុបគ្នា ត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារស្លាប់ម្នាក់

ខ្មាន់កាំភ្លើងបាញ់ប្រហារជនជាតិថៃប្រុសស្រី២នាក់កំពុងជិះម៉ូតូឌុបគ្នា នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ បណ្តាលឱ្យបុរសជាអ្នកបើកបរម៉ូតូរងរបួសធ្ងន់ ក្រោយបញ្ជូនដល់មន្ទីពេទ្យក៏បានស្លាប់ ចំណែកស្ត្រីជាអ្នករួមដំណើរបានរត់គេចខ្លួនរួច នៅភូមិប៉ាលិលេយ្យពីរ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

ប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ ពួកគាត់ឮស្នូរផ្ទុះអាវុធប្រាវ ស្មានតែគេដុតផាវ ក៏ស្ទុះចេញមកមើល ស្រាប់តែឃើញជនរងគ្រោះម្នាក់ដេកសន្លប់ស្តូកស្តឹងក្នុងថ្លុកឈាមរងរបួសធ្ងន់ធ្ងរ ចំណែកម្នាក់ទៀតរត់ស្រែកអោយគេជួយ។

ជនរងគ្រោះដែលត្រូវខ្មាន់កាំភ្លើងបាញ់ត្រូវជាច្រើនគ្រាប់ត្រូវបានស្ត្រីអ្នករួមដំណើរជាមួយដឹកបញ្ជូនទៅកាន់គ្លីនិកឯកជនមួយកន្លែងនៅក្បែរកន្លែងកើតហេតុ តែដោយសារស្ថានភាពជនរងគ្រោះធ្ងន់ធ្ងរត្រូវបានគ្រូពេទ្យនៅគ្លីនិកឯកជន អោយបញ្ជូនបន្តទៅមន្ទីពេទ្យបង្អែកក្រុងប៉ោយប៉ែត(ដីថ្មី)ដើម្បីសង្គ្រោះបន្ទាន់ដែរ ប៉ុន្តែជាអកុសលជនរងគ្រោះបានស្លាប់ទៅហើយ។

សូមបញ្ជាក់ថា ខ្មាន់កាំភ្លើងបាញ់ប្រហារមកលើជនជាតិថៃនេះសង្ស័យជាជនជាតិថៃដូចគ្នាបាញ់ប្រហារគ្នារឿងគំនុំ៕