
ក្នុងឱកាសអញ្ជើញជាអធិបតីចែកសញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យធនធានមនុស្សជាង១ពាន់នាក់ នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានណែនាំដល់ក្រសួងយុត្តិធម៌ ធ្វើវិសោធនកម្មច្បាប់ ដើម្បីដាក់ទោសឱ្យធ្ងន់ទៅលើក្រុមក្មេងទំនើង ដែលបង្កភាពអាណាធិបតេយ្យក្នុងសង្គម។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ការអនុវត្តច្បាប់តឹងរ៉ឹង នឹងអាចបង្ការបាននូវករណីក្មេងទំនើបដែលកាប់ចាក់គ្នា ដែលនឹងជួយទៅដល់ទៅឪពុកម្តាយ និងក្មេងទាំងនោះ ព្រមទាំងប្រជាពលរដ្ឋផងដែរ។ ហេតុដូច្នេះហើយក្រសួងយុត្តិធម៌ គួរតែពិនិត្យមើលច្បាប់ឡើងវិញ ជាពិសេសករណីក្មេងទំនើងដែលដាក់ដាវសាម៉ូរៃនៅតាមខ្លួន និងអួតដាក់គ្នានៅលើបណ្តាញសង្គមហ្វេសប៊ុកជាដើម កុំចាំទាល់តែមានករណីកាប់គ្នាហើយបានប្រមូល និងចុះចាប់។


សម្ដេចបន្តថា បើមិនដាក់វិធានការច្បាប់ធ្ងន់ធ្ងរនោះទេ នឹងធ្វើឱ្យក្មេងខូចអនាគត ព្រោះប្រសិនបើអប់រំរដ្ឋបាល ពេលចេញទៅវិញ ពួកគេនឹងប្រព្រឹត្តិអំពើដដែល ហើយករណីនេះ ក៏នឹងធ្វើឱ្យអ្នកផ្សេងទៀតមិនខ្លាចញញើតដែរ។ ជាក់ស្តែង ករណីក្មេងទំនើងដែលកាប់គ្នាយ៉ាងសាហាវនៅខេត្តតាកែវនាពេលថ្មីៗ គឺត្រូវតែមានការចាត់វិធានការខ្លាំង ដោយមិនឱ្យរួចខ្លួននោះទេ។ ហើយការដាក់ចេញនូវវិធានការម៉ឺងម៉ាត់នេះ នឹងជួយដាស់តឿនដល់ក្មេងផ្សេងកុំឱ្យប្រព្រឹត្តិអំពើកាប់ចាក់នេះតទៅទៀត។

ជាមួយគ្នានេះ សម្តេចធិបតី ក៏បានអំពាវនាវដល់អាណាព្យាបាល លោកគ្រូ អ្នកគ្រូ យកចិត្តទុកដាក់អប់រំកូន និងសិស្ស ឱ្យពួកគេក្លាយជាក្មេងល្អ។ ព្រមទាំងណែនាំដល់អាជ្ញាធរខេត្ត រាជធានី ក៏ដូចជាស្នងការនគរបាលរាជធានីខេត្ត និងកងរាជអាវុធហត្ថពង្រឹងការអនុវត្តទៅលើមុខសញ្ញាក្មេងទំនើងទាំងនេះ៕
Leave a Reply