អភិបាលខេត្តកណ្ដាល អំពាវនាវឱ្យប្រជាពលរដ្ឋ ឈប់ធ្វើការខ្ចីលុយពីជនជាតិឥណ្ឌា

កណ្ដាល ៖ លោក គួច ចំរើន អភិបាលខេត្តកណ្ដាល បានអំពាវនាវឱ្យប្រជាពលរដ្ឋ ឈប់ធ្វើការខ្ចីលុយពីជនជាតិឥណ្ឌា (លុយរាប់) ក្នុងករណីនៅមានប្រជាពលរដ្ឋ មានការខ្ចីលុយពីជនជាតិឥណ្ឌាទៀត ត្រូវរាយការណ៍មកអាជ្ញាធរមូលដ្ឋាន។

ការអំពាវនាវរបស់ លោក គួច ចំរើន អភិបាលខេត្តកណ្ដាល នាឱកាសអញ្ជើញជាអធិបតីក្នុងទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ឆ្នូ លើកទី ១៨ ក្រោមប្រធានបទ «កម្ពុជាប្រឆាំងដាច់ខាតអំពើជួញដូរមនុស្សគ្រប់ទម្រង់ និងគ្រប់មធ្យោបាយក្នុងយុគសម័យឌីជីថល» នាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ នៅសាលាស្រុកស្អាង។

លោក អភិបាលខេត្ត មានប្រសាសន៍ថា «ការខ្ចីរបស់ជនជាតិឥណ្ឌានេះមានការប្រាក់ថ្លៃ ហើយមិនមានច្បាប់អនុញ្ញាតឡើយ។ ហើយការខ្ចីនេះ មានរយៈពេលកាន់តែយូរទៅ បំណុលរបស់យើងកាន់តែកើនឡើងឥតឈប់ឈរ ដែលធ្វើឲ្យយើងសងពួកគេមិនចេះអស់។ ដូច្នេះប្រសិនបើមានប្រជាពលរដ្ឋណាបានខ្ចីពីជនជាតិឥណ្ឌា សូមរាយការណ៍មកអាជ្ញាធរមូលដ្ឋាន ឬរាយការណ៍មកឯកឧត្តមផ្ទាល់ ដើម្បីធ្វើការពិនិត្យ និងសម្របសម្រួលជូនបងប្អូនកុំឱ្យមានការជំពាក់កាន់តែច្រើនជាងនេះបន្ថែមទៀត»។

នាឱកាសនោះដែរ លោក អភិបាលខេត្ត ក៏បានអំពាវនាវដល់វិស័យឯកជន ដែលមានកម្មករ ឬពលករបម្រើ ការក្នុងរោងចក្រ សហគ្រាស និងសេវាកម្មរបស់ខ្លួន ត្រូវពង្រឹងការតាមដានគ្រប់គ្រង និងសហការជាមួយ សមត្ថកិច្ចពាក់ព័ន្ធ ដើម្បីមានវិធានការបង្ក្រាប និងផ្តន្ទាទោសឲ្យបានទាន់ពេលវេលាលើជនខិលខូច ដែល បង្កការលំបាក ធ្វើការកេងប្រវ័ញ្ច និងធ្វើអាជីវកម្មលើកម្មករ និងពលករទៅក្រៅប្រទេស ឬក្នុងប្រទេសយ៉ាង អមនុស្សធម៌ រហូតក្លាយជាទាសភាពសម័យទំនើបគួរឱ្យស្អប់ខ្ពើម៕