ចិនកំពុងសិក្សាគម្រោងវិនិយោគរោងចក្រកែច្នៃដំឡូងមីនៅកម្ពុជា

នាព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយក្រុមហ៊ុន Sublime China Co.,Ltd ក្នុងការសិក្សាលទ្ធភាពវិនិយោគលេីការកែច្នៃដំឡូងមី ដេីម្បីធានាបាននូវនិរន្តរភាពនៃការផ្គត់ផ្គង់ដំឡូងមីដោយផ្ទាល់នៅកម្ពុជា។

ឯកឧត្តមរដ្ឋមន្ដ្រីក្រសួងកសិកម្ម បានគូសបញ្ជាក់ថា ពាក់ព័ន្ធនឹងដំណាំដំឡូងមី ក្រសួងកសិកម្មត្រូវការដៃគូសហការល្អក្នុងការកែច្នៃនាំចេញនូវផលិតផលសម្រេចទៅកាន់ទីផ្សារក្រៅប្រទេស ដោយទទួលទិញពីប្រជាកសិករក្នុងតម្លៃសមរម្យ មានកិច្ចសន្យាផលិតកម្មត្រឹមត្រូវរក្សាស្ថិរភាពថ្លៃដល់កសិករ និងអនុវត្តការងារមានលក្ខណៈយូរអង្វែង។

ឯកឧត្តមរដ្ឋមន្ត្រី បន្តថា ការងារនេះទាមទារឱ្យមានការសិក្សាឱ្យបានសុីជម្រៅ មានផែនការវិនិយោគច្បាស់លាស់ មានស្តង់ដាការងារត្រឹមត្រូវ និងអាចតភ្ជាប់ខ្សែច្រវ៉ាក់តម្លៃ ដោយមានអ្នកទទួលទិញពីកសិករ អ្នកកែច្នៃផលិតផល និងក្រុមហ៊ុនភស្តុភារកម្ម ដោយក្រសួងនឹងជួយគាំទ្រផ្នែកបច្ចេកទេស និងច្បាប់បទដ្ឋាននានា ដេីម្បីជួយសម្របសម្រួលឱ្យការវិនិយោគនេះមានលទ្ធផលល្អ រលូន និងជួយដល់ប្រជាកសិករបានយ៉ាងពិតប្រាកដ។

គួរឱ្យដឹងផងដែរថា ប្រសិនបើក្រុមហ៊ុនចិន សម្រេចបានគម្រោងវិនិយោគរោងចក្រកែច្នៃដំឡូងមីនៅកម្ពុជា នេះបានន័យថា បានលេីកទឹកចិត្តក្នុងការវិនិយោគនៅប៉ែកឦសានប្រទេសរួមមានខេត្តមណ្ឌលគីរី ខេត្តរតនៈគីរី ខេត្តស្ទឹងត្រែង និងខេត្តក្រចេះ៕