ចាប់បានហើយ!! ជនសង្ស័យដែលលួចបាញ់អ្នកសារព័ត៌មានកាលពីម្សិលមិញ

សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានធ្វើការស្រាវជ្រាវភ្លាមៗ ក្រោយទទួលបានព័ត៌មានថាអ្នកសារព័ត៌មានម្នាក់ត្រូវបានជនមិនស្គាល់មុខលួចបាញ់ប្រហាររបួសធ្ងន់ធ្ងរ នៅស្រុកជីក្រែង កាលពីយប់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤។

ក្រោយធ្វើការស្រាវជ្រាវពាក់ព័ន្ធករណីឃាតកម្មខាងលើ សមត្ថកិច្ចបានកំណត់មុខសញ្ញារហូតឈានដល់ការចាប់ខ្លួនជនដៃដល់ នៅរសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤នេះ។

សូមបញ្ជាក់ថា ជនដៃដល់មានឈ្មោះ ស៊ី លឿយ អាយុ៤០ឆ្នាំ ទីលំនៅភូមិសាលា ឃុំគោកធ្លកលើ ស្រុកជីក្រែង ខេត្តសៀមរាប បានលបលួចបាញ់ប្រហារលោក ឈឿង ឈឹង អ្នកសារព័ត៌មានរបស់អង្គភាព «កម្ពុជាអភិវឌ្ឍន៍» ដោយប្រើកាំភ្លើងកែច្នៃព្រោះរឿងគំនុំផ្ទាល់ខ្លួន។ 

បច្ចុប្បន្នជនដៃដល់ត្រូវបានកម្លាំងនគរបាល នាំខ្លួនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដើម្បីសួរនាំបន្ត និងចាត់វិធានការតាមច្បាប់៕