រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ៖ ការប្រើប្រាស់ផលិតផលឱសថប្រកបដោយគុណភាព មិនត្រឹមតែជួយគាំទ្រសុខភាពសាធារណៈប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយបង្កើនប្រសិទ្ធភាព នៃប្រព័ន្ធសុខាភិបាល

ភ្នំពេញ ៖ លោកសាស្ដ្រាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានថ្លែងថា ការប្រើប្រាស់ផលិតផលឱសថប្រកបដោយគុណភាព សុវត្ថិភាព និងប្រសិទ្ធភាព មិនត្រឹមតែជួយគាំទ្រដល់សុខភាពសាធារណៈប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយបង្កើនប្រសិទ្ធភាព នៃប្រព័ន្ធសុខាភិបាល និងការការពារផ្នែកហិរញ្ញវត្ថុ។ ជាពិសេសជាកត្តាចម្បង ក្នុងការថែទាំសុខភាពរបស់ប្រជាពលរដ្ឋ។

ការថ្លែងយ៉ាងដូច្នេះរបស់ លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រី ក្នុងឱកាសអញ្ជើញ ក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីផលិតផលឱសថ គឺដើម្បីប្រមូលយោបល់ និងធាតុចូលពីភាគីពាក់ព័ន្ធ ព្រមទាំងកំណត់អំពីផលប៉ះពាល់ និងអត្ថប្រយោជន៍ ដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម សំដៅធានាថាច្បាប់នេះអាចឆ្លើយតបទៅនឹងបញ្ហា និងតម្រូវការជាក់ស្តែង ចំពោះការគ្រប់គ្រងផលិតផលឱសថ ក្នុងព្រះរាជាណាចក្រកម្ពុជា ដែលអាចការពារផលប្រយោជន៍សុខភាពសាធារណៈ នាថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥។

លោកសាស្រ្តាចារ្យ រដ្ឋមន្រ្តី បានលើកគូសរំលេចថា គោលនយោបាយឱសថ នៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានណែនាំជាលើកដំបូងក្នុងឆ្នាំ១៩៩៥ និងត្រូវបានធ្វើបច្ចុប្បន្នភាព ក្នុងឆ្នាំ២០១០ ដែលផ្តល់នូវការណែនាំ ស្តីពីការធានាឱ្យប្រជាជនគ្រប់រូប ទទួលបាននូវផលិតផលឱសថដែលមានតម្លៃសមរម្យ មានគុណភាព សុវត្ថិភាព និងប្រសិទ្ធភាពគ្រប់គ្រាន់។ ក្របខ័ណ្ឌបទប្បញ្ញត្តិសម្រាប់ឱសថ គឺច្បាប់ស្តីពីការគ្រប់គ្រងឱសថ ត្រូវបានអនុម័តដំបូងក្នុងឆ្នាំ១៩៩៦ និងធ្វើវិសោធនកម្មក្នុងឆ្នាំ ២០០៧ ដែលតម្រូវឱ្យក្រសួងសុខាភិបាលរៀបចំសេក្តីព្រាងច្បាប់ស្តីពីផលិតផលឱសថថ្មីនេះ ឱ្យស្របតាមស្ថានភាពជាក់ស្តែងនាពេលបច្ចុប្បន្ន។

លោកសាស្រ្តាចារ្យ រដ្ឋមន្រ្តី បន្ថែមថា ការធានាបាននូវផលិតផលឱសថមានគុណភាព និងប្រសិទ្ធភាព ក៏ជាកត្តាចម្បង ក្នុងការថែទាំសុខភាពរបស់ប្រជាពលរដ្ឋ ការការពារប្រឆាំងនឹងការគំរាមកំហែងសុខភាពសាធារណៈ ទប់ស្កាត់ភាពស៊ាំនឹងឱសថប្រឆាំងមេរោគ និងរួមចំណែកដល់ការត្រៀមខ្លួនជានិច្ច ដើម្បីឆ្លើយតបទៅនឹងគ្រោះអាសន្ន នៃសុខភាពសាធារណៈ។

លោកសាស្រ្តាចារ្យ រដ្ឋមន្រ្តី បន្ដថា ក្របខណ្ឌនីតិប្បញ្ញត្តិដ៏រឹងមាំក៏រួមចំណែកដល់សេដ្ឋកិច្ចជាតិ អនុញ្ញាតឱ្យមានការអភិវឌ្ឍ និងកំណើនឧស្សាហកម្មក្នុងស្រុកប្រកបដោយគុណភាព ក៏ដូចជាការធានាបាននូវផលប្រយោជន៍អ្នកវិនិយោគ និងប្រជាជនទូទៅ។ ដើម្បីសម្រេចបាននូវចំណុចនេះ ច្បាប់ និងបទប្បញ្ញត្តិ ត្រូវមានភាពទូលំទូលាយ ច្បាស់លាស់ និងគាំទ្រគ្នាទៅវិញទៅមកក្នុងនិងក្រៅវិស័យសុខាភិបាល ស្របតាមគោលនយោបាយគ្រប់គ្រងឱសថក្នុងតំបន់អាស៊ានផងដែរ៕