
ព្រៃវែង៖ នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥នេះ ឯកឧត្តមបណ្ឌិត ងិន បាណាល់ ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកបាភ្នំ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចូលរួមក្នុងពិធីពិនិត្យព្យាបាលជំងឺទូទៅដោយឥតគិតថ្លៃជូនពលរដ្ឋនៅស្រុកបាភ្នំ ដោយ «ក្រុមគ្រូពេទ្យមនុស្សធម៌ប៉ាយសួយឡាវយិន កម្ពុជា » និងបានសំណេះសំណាលជាមួយលោកយាយលោកតា អ៊ំពូមីងបងប្អូនប្រជាពលរដ្ឋប្រមាណជាង១២០០នាក់ ក្នុង១នាក់ទទួលអង្ករ ១០គីឡូក្រាម នៅឃុំរោងដំរី ស្រុកបាភ្នំ ខេត្តព្រៃវែង។

នាឱកាសនោះ ឯកឧត្តមបណ្ឌិត ងិន បាណាល់ បានថ្លែងអំណរគុណចំពោះលោក ស៊ី អ៊ីចុង ប្រធានក្រុមគ្រូពេទ្យសប្បុរសធម៌ប៉ាយសួយឡាវយិន កម្ពុជា និងលោក លោកស្រីវេជ្ជបណ្ឌិត ជាពិសេសក្រុមការងារទាំងអស់ ដែលចំណាយពេលវេលាធនធានចុះមកពិនិត្យព្យាបាលជូនប្រជាពលរដ្ឋមនៅមូលដ្ឋានឃុំរោងដំរី ស្រុកបាភ្នំ នាពេលនេះ។

ឯកឧត្តមបណ្ឌិត បន្តថា តាមការចង្អុលបង្ហាញរបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានណែនាំឲ្យក្រុមការងារចុះមូលដ្ឋានស្រុកបាភ្នំ បន្តយកចិត្តទុកដាក់ពិនិត្យមើលប្រជាពលរដ្ឋនៅមូលដ្ឋានដែលជួបការលំបាក ត្រូវជួយពួកគាត់ដោយមិនប្រកាន់ជាតិសាសន៍ សាសនា និងនិន្នាការនយោបាយឡើយ។

បន្ថែមលើនេះ ឯកឧត្តមបណ្ឌិត ក៏បានលើកទឹកចិត្តដល់ក្រុមការងារចុះមូលដ្ឋានស្រុកបាភ្នំ បន្តបេសកកម្មរបស់ខ្លួនក្នុងការជួយពលរដ្ឋនៅមូលដ្ឋាន ឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន នៅគ្រប់វិស័យដូចជា វិស័យសុខាភិបាល កសិកម្ម និងអប់រំ ជាដើម។

សូមបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា តែងតែយកចិត្តទុកដាក់លើសុខុមាលភាពប្រជាពលរដ្ឋជាអាទិភាព។ ជាក់ស្ដែងថ្លែងក្នុងពិធីបើកសប្ដាហ៍គាំពារសង្គមឆ្នាំ២០២៥ និងប្រកាសឱ្យប្រើជាផ្លូវការនូវក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម កាលពីខែ កុម្ភៈ កន្លងទៅ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា «ទ្រព្យដ៏សំខាន់បំផុតរបស់ជាតិយើង គឺជាប្រជាពលរដ្ឋ ដូច្នេះគោលបំណងចម្បងរបស់រាជរដ្ឋាភិបាលដាក់ចេញនូវប្រព័ន្ធគាំពារសង្គម គឺដើម្បីលើកកម្ពស់មូលធនមនុស្សរបស់កម្ពុជាឱ្យបានរឹងមាំ និងកាត់បន្ថយភាពក្រីក្រនៅកម្ពុជា»៕


Leave a Reply