
ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ណែនាំដល់មណ្ឌលសុខភាព បន្តខិតខំបម្រើសេវាសុខភាពបឋម ជូនប្រជាជន និងបង្កើនកិច្ចសហការ ជាមួយមណ្ឌលសុខភាពជុំវិញ និងមន្ទីរពេទ្យដែលត្រូវបញ្ជូនអ្នកជំងឺបន្ត។

ការថ្លែងយ៉ាងដូច្នេះរបស់ លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី ក្នុងឱកាសចុះពិនិត្យការបម្រើសេវាសុខាភិបាលជូនប្រជាជន នៅមណ្ឌលសុខភាពកំបូល រាជធានីភ្នំពេញ ដោយមិនជូនដំណឹងជាមុន នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥។

លោកសាស្រ្តាចារ្យ រដ្ឋមន្រ្តី បានថ្លែងបន្តថា នៅមណ្ឌលសុខភាពកំបូល បុគ្គលិកមកបំពេញការងារគ្រប់ៗគ្នា និងប្រជាពលរដ្ឋមកប្រើប្រាស់សេវាច្រើន។ មណ្ឌលសុខភាព មានផ្តល់សេវា ពិនិត្យជំងឺទូទៅ កុមារ មនុស្សធំ លាងរបួស វះកាត់តូច និងសម្ភព ព្រមទាំងសកម្មភាពចុះសិក្សាស្រាវជ្រាវរបស់អង្គការដៃគូ ពិនិត្យវាយតម្លៃគុណភាព និងការបម្រើសេវាជូនប្រជាជន នៅក្នុងតំបន់ រោងចក្រ សហគ្រាស។

ជាមួយគ្នានេះលោកសាស្រ្តាចារ្យ បានសំណេះសំណាលសួរសុខទុក្ខក្រុមគ្រួសារអ្នកជំងឺ និងទទួលបានព័ត៌មានត្រឡប់ ដែលបានសម្តែងនូវការពេញចិត្ត ពីការបម្រើសេវាប្រកបដោយគុណភាព យកចិត្តទុកដាក់ បុគ្គលិករួសរាយរាក់ទាក់ និងឥរិយាបថល្អ។

ក្នុងឱកាសនោះដែរ លោកសាស្រ្តាចារ្យ រដ្ឋមន្រ្តី បានកោតសរសើរ និងថ្លែងអំណរគុណ ដល់បុគ្គលិកនៃមណ្ឌលសុខភាព ដែលបានលះបង់កម្លាំងកាយ និងបានណែនាំឱ្យបន្តខិតខំបម្រើសេវាសុខភាពបឋម ជូនប្រជាជននៅក្នុងមូលដ្ឋាន ដោយត្រូវបង្កើនកិច្ចសហការ ជាមួយមណ្ឌលសុខភាពជុំវិញ និងមន្ទីរពេទ្យដែលត្រូវបញ្ជូនអ្នកជំងឺបន្ត។

លោកសាស្រ្តាចារ្យ ក៏បានណែនាំដល់ មណ្ឌលសុខភាព ត្រូវយកចិត្តទុកដាក់បម្រើសេវាថែទាំសុខភាពជូនប្រជាជន ប្រកបដោយសេចក្តីអាណិតស្រឡាញ់ ក្តីមេត្តាករុណា និងត្រូវពង្រឹងសមត្ថភាពបន្ថែម កសាងទំនុកចិត្ត ភាពជឿជាក់ជូនដល់ប្រជាពលរដ្ឋ ដោយឈរលើគោលជំហរ គុណភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព សមធម៌ និងនិរន្តរភាព៕

Leave a Reply