
ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីណែនាំស្តីពីការបង្កាហានិភ័យសុខភាពពេលមានខ្យល់ពុលក្នុងស្រទាប់បរិយាកាសនាថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥ ចំនួន៤ចំណុច ដល់គ្រឹះស្ថានសិក្សាចំណេះទូទៅ និងអប់រំបច្ចេកទេសសាធារណៈ និងឯកជន ដោយក្នុងនោះក្រសួងលើកទឹកចិត្តដល់អ្នកសិក្សា បុគ្គលិកអប់រំ ជាពិសេសគឺកុមារតូចៗ ត្រូវពាក់ម៉ាស់ពេលចេញក្រៅផ្ទះ ចេញពីបន្ទប់រៀន ដើម្បីចៀសវាងការបឺតខ្យល់ពុល ឬធូលីមិនស្អាតដែលនាំឱ្យប៉ះពាល់ដល់សុខភាព។

ជាមួយគ្នានេះ ក្រសួងក៏បាននែនាំឱ្យតាមដានព័ត៌មានឱ្យបានខ្ជាប់ខ្ជួន ពីការវិវត្តនៃស្ថានភាពសន្ទស្សន៍គុណភាពខ្យល់ក្នុងបរិយាកាសដែលផ្សាយដោយក្រសួងបរិស្ថាន និងចូលរួមគោរពតាមសេចក្តីណែនាំនានាដែលពាក់ព័ន្ធនឹងការថែទាំដែលបង្កាអំឡុងពេលមានខ្យល់ពុល។ បន្ថែមពីនេះ ក្រសួងអប់រំ បានក្រើនរម្លឹកដល់អ្នកសិក្សា និងបុគ្គលិកអប់រំ ដោយអនុវត្តវិធានការអនាម័យជាប់ជាប្រចាំតាមរយៈ “ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត” ដើម្បីសុខភាពល្អ។

ក្រសួងអប់រំក៏បានបញ្ជាក់ដែរថា ប្រសិនបើមាននរណាម្នាក់មានសញ្ញាផ្លូវដង្ហើមដូចជា ពិបាកដកដង្ហើម ក្អក ហត់ សូមប្រញាប់ទៅកាន់មណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតផ្ទះឱ្យបានទាន់ពេលវេលា។

សូមជម្រាបថា ចំពោះសន្ទស្សន៍គុណភាពខ្យល់កម្ពុជា (AQI) ដែលមានពណ៌ខៀវ បង្ហាញថាល្អណាស់, ពណ៌បៃតង បង្ហាញថាល្អ, ពណ៌លឿង បង្ហាញថាមធ្យម (ការបំពុលកម្រិតស្រាល), ពណ៌ទឹកក្រូច គឺបង្គួរ (ការបំពុលកម្រិតមធ្យម), ពណ៌ក្រហម ខ្ពស់ (ការបំពុលខ្លាំង) ចំណែកពណ៌ស្វាយ ខ្ពស់ខ្លាំង (ការបំពុលធ្ងន់ធ្ងរ)៕

Leave a Reply