លោកត្រាំបានចុះហត្ថលេខាបញ្ជាឲ្យបិទក្រសួងអប់រំរបស់អាមេរិក

វ៉ាស៊ីនតោន: នៅព័ទ្ធជុំវិញដោយសិស្សនិងលោកគ្រូអ្នកគ្រូ ប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ត្រាំនៅថ្ងៃព្រហស្បតិ៍ទី២០ខែមីនា បានចុះហត្ថលេខាលើបទបញ្ជាឲ្យលុបចោលក្រសួងអប់រំ។

បើយោងតាមការលើកឡើងរបស់លោកត្រាំនៅសេតវិមានលោកបាននិយាយថា “បទបញ្ជានឹងត្រូវចាប់ផ្តើមពីការលុបចោលក្រសួងអប់រំ”។ 

លោកបានបន្ថែមថា “ពួកយើងនឹងធ្វើឱ្យការអប់រំសាមញ្ញធម្មតា ដូចដែលអាមេរិកធ្លាប់មានពីមុនមក”។ “យើងនឹងបិទវា ហើយយើងនឹងបិទវាឲ្យលឿនតាមដែលអាចធ្វើទៅបាន ព្រោះវាមិនបានផ្តល់ប្រយោជន៍អ្វីឲ្យយើងនោះទេ”។

ក្រសួងអប់រំបានត្រួតពិនិត្យឃើញថាមានសាលារដ្ឋចំនួន១០០,០០០(១០ម៉ឺនកន្លែង) និងសាលាឯកជនចំនួន៣៤,០០០កន្លែងនៅសហរដ្ឋអាមេរិក ក៏ប៉ុន្តែសាលារដ្ឋច្រើនជាង៨៥%ទទួលបានជំនួយពីរដ្ឋនិងរដ្ឋាភិបាលក្នុងតំបន់ សម្រាប់តម្រូវការលើកម្មវិធីក្នុងសាលា រួមទាំងប្រាក់សម្រាប់ចំណាយឲ្យគ្រូចំពោះសិស្សដែលត្រូវការរៀនបំប៉ន, ជំនួយលើកម្មវិធីសិល្បៈនិងសម្រាប់ជួសជុលហេដ្ឋារចនាសម្ព័ន្ធសាលារៀនដែលចាស់ហួសសម័យ។

សូមបញ្ជាក់ឲ្យដឹងផងដែរថា នៅសហរដ្ឋអាមេរិកកម្ចីរបស់សិស្សនិស្សិតមានដល់១.៦ កោដលានដុល្លារអាមេរិក ដែលខ្ចីដោយសិស្សអាមរិកចំនួនរាប់លាននាក់ដែលមិនមានលុយសម្រាប់បង់ថ្លៃរៀននៅសាកលវិទ្យាល័យរបស់ពួកគេ។

ប្រភព: Channel news Asia- CNA