លោក Zelensky ប្រកាសថា ឲ្យតែអ៊ុយក្រែនបានចូលជាសមាជិកណាតូ ខ្លួនសុខចិត្តបោះបង់អំណាចចុះចេញពីតំណែង

យោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters លោក Zelensky ប្រធានាធិបតីអ៊ុយក្រែន បានប្រកាសថា ឲ្យតែអ៊ុយក្រែនទទួលបានសន្តិភាព ចូលជាសមាជិករបស់អង្គការណាតូ ខ្លួនសុខចិត្តបោះបង់អំណាចចុះចេញពីតំណែង។

ថ្លែងក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី២៣ ខែកុម្ភ:កន្លងទៅ លោក Zelensky បានលើកឡើងថា ”ប្រសិនបើខ្ញុំចាំបាច់ត្រូវតែចុះចេញពីតំណែង ដើម្បីផ្តល់សន្តិភាពសម្រាប់អ៊ុយក្រែននោះ ខ្ញុំបានត្រៀមខ្លួនរួចរាល់ហើយ។ ខ្ញុំអាចផ្លាស់ប្តូរមុខតំណែងរបស់ខ្ញុំ ដើម្បីឲ្យអ៊ុយក្រែន អាចចូលជាសមាជិករបស់ណាតូ”។

លោក Zelensky លើកឡើងបែបនេះចំពេលកំពុងមានការរិះគន់ពីសំណាក់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលបានហៅលើមេដឹកនាំអ៊ុយក្រែនថាជា ជនផ្តាច់ការ ស្របពេលប្រធានាធិបតអាមេរិករូបនេះ ក៏បានស្នើឲ្យមានកិច្ចព្រមព្រៀងដោះដូររ៉ែកម្រដែលតម្លៃប្រមាណ ៥០០ពាន់លានដុល្លារ ជាថ្នូរទៅនឹងការសងត្រលប់មកវិញនូវជំនួយដែលអាមេរិក ផ្តល់ទៅឲ្យអ៊ុយក្រែន នាពេលកន្លងមក ផងដែរ។ ប៉ុន្តែទោះយ៉ាងណា មេដឹកនាំអ៊ុយក្រែនបានបញ្ជាក់ថា ជំនួយយោធាទាំងនោះ មិនមែនជាកម្ចីនោះទេ។

សូមបញ្ជាក់ថា បណ្តាប្រទេសជាជាសមាជិកណាតូ ធ្លាប់បានព្រមព្រៀងគ្នា អំពីលទ្ធភាពដែលអាចឲ្យអ៊ុយក្រែនចូលរួមក្នុងសម្ព័ន្ធមិត្ត ប៉ុន្តែ កាលពីពេលថ្មីៗនេះ សហរដ្ឋអាមេរិក និងអាល្លឺម៉ង់ បានប្រកាសឈប់គាំទ្រសកម្មភាពនេះវិញ ដោយសារតែមានការព្រួយបារម្ភអំពីហានិភ័យដែលអង្គការណាតូ អាចត្រូវបានទាញចូលទៅក្នុងជម្លោះដោយផ្ទាល់ជាមួយរុស្ស៊ី និងធ្វើឲ្យសង្គ្រាមកាន់តែរីកធំឡើង៕