ស្ត្រីជនជាតិវៀតណាម ដែលជាម្ចាស់ក្រុមហ៊ុនផលិតទឹកឃ្មុំក្លែងក្លាយ ត្រូវបានចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនបណ្ដោះអាសន្ន

យោងតាមដីការបង្គាបឲ្យឃុំខ្លួន លេខ១៣៤០ ង១ ដឃដ ចុះថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ របស់ លោក អួង វុទ្ធា ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនស្រ្តីជនត្រូវចោទ មានឈ្មោះ ង្វៀង ធីថាញ់ធឿន (NGUYEN THI THANH THIEN) ភេទស្រី អាយុ ៤០ឆ្នាំ ជនជាតិវៀតណាម មុខរបរ នាយកក្រុមហ៊ុន CHAN HONEY មានទីកន្លែងកំណើតនៅប្រទេសវៀតណាម ទៅមណ្ឌលអប់រំកែប្រែទី២ (ម២) ដោយអនុវត្តឲ្យបានត្រឹមត្រូវតាមច្បាប់ ពាក់ព័ន្ធករណីពីបទៈ ក្លែងបន្លំដើមកំណើតទំនិញ។

គួរបញ្ជាក់ផងដែរកាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រោមការដឹកនាំសម្របសម្រួលនីតិវិធីផ្ទាល់ដោយលោក ឆាយ ហុង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសកម្មសិទ្ធិបញ្ញា នៃនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច មន្រ្តីសាខា ក.ប.ប រាជធានីភ្នំពេញ, មន្ត្រីជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរួមនឹងអាជ្ញាធរមូលដ្ឋាន បានចុះបង្រ្កាបទីតាំងក្រុមហ៊ុន CHAN HONEY IMPORT EXPORT CO.,LTD ស្ថិតនៅផ្ទះលេខ៧៦ ផ្លូវបេតុង ភូមិតាងៅកណ្តាល សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

មន្រ្តីជំនាញបានឲ្យដឹងថា ក្នុងការត្រួតពិនិត្យជាក់ស្តែង សមត្ថកិច្ចចម្រុះបានរកឃើញ ទឹកឃ្មុំសរុបចំនួន ១៣០ធុង ដែលមានទំងន់សរុប១៩,៨៩០ គីឡូក្រាម ។ ដោយមានភាពសង្ស័យចំពោះទឹកឃ្មុំទាំងអស់អាចជាផលិតផលក្លែងបន្លំប្រភពដើម៕