
យោងតាមការចេញផ្សាយដោយសារព័ត៌មាន VN Express ផ្លៃទុរេនរបស់ប្រទេសវៀតណាមធ្លាក់ថ្លៃថោកបំផុតមិនធ្លាប់មាន មានតម្លៃត្រឹម ១គីឡូ ១.៦ដុល្លារប៉ុណ្ណោះ ដោយសារតែការពន្យាពេលដែលមកបណ្ដាលមកពីការត្រួតពិនិត្យយ៉ាងតឹងរឹងរបស់ប្រទេសចិន លើបន្លែ ផ្លែឈើ នាំចូលពីប្រទេសវៀតណាម រកឃើញសារធាតុគីមីដែលបង្កជាជំងឺមហារីកដ៏គ្រោះថ្នាក់។

បទប្បញ្ញត្តិនៃការនាំចូលប្រទេសចិន កាន់តែតឹងរឹង រួមទាំងមានការតម្រូវឱ្យធ្វើតេស្ដរកសារធាតុ Auramine O ដែលជាសារធាតុគីមីដែលត្រូវបានចាត់ថ្នាក់ជាសារធាតុបង្កមហារីក បានបង្កជាបញ្ហាប្រឈមយ៉ាងខ្លាំងសម្រាប់ឈ្មួញនាំចេញផ្លែឈើ និងបន្លែ ត្រី សាច់ ដោយសារតែការបដិសេធ ឬ ការពន្យាពេលក្នុងការឆ្លងចូលទៅកាន់ប្រទេសចិន ធ្វើឱ្យទំនិញរបស់ពួកគេខូចគុណភាព។

ស្របពេលដែលមានការជាប់គាំងនៅព្រំដែនចិន ធ្វើឱ្យទុរេនទុំជោរ ខូចគុណភាពពីមួយថ្ងៃទៅមួយថ្ងៃ ក្រុមអ្នកនាំចេញផ្លែទុរេន បានប្រកាសដាក់លក់ទុរេនរបស់ខ្លួនក្នុង ១គីឡូ ត្រឹមតែ ៤០,០០០ ដុង (ស្មើនឹង១.៦ដុល្លារ) ប៉ុណ្ណោះ។

ការតម្រូវឱ្យធ្វើតេស្ដរកសារធាតុ Auramine O បានកើតឡើងចាប់តាំងពីរកឃើញសារធាតុនេះក្នុងការដឹកជញ្ជូនផ្លៃទុរេនរបស់ថៃ កាលពីចុងឆ្នាំ២០២៤។ ការរកឃើញសារធាតុគ្រោះថ្នាក់នេះ ស្ថិតក្រោមការគ្រប់គ្រងយ៉ាងតឹងរឹងសម្រាប់អ្នកនាំចេញទំនិញទាំងអស់ទៅកាន់ប្រទេសចិន មិនអាចកែច្នៃផលិតផលរបស់ខ្លួនទាន់ពេលវេលា បណ្ដាលឱ្យផលិតផលរបស់ខ្លួនខូចខាត។
យ៉ាងណាកាលពីដើមខែមករា ប្រទេសចិន ក៏បានចេញការព្រមានអំពីការនាំចេញផ្លែទុរេន និងផ្លែខ្នុររបស់វៀតណាម ដោយលើកឡើងពីការរំលោភលើស្តង់ដារអនាម័យ និងសុវត្ថិភាពចំណីអាហារ៕

Leave a Reply