លោក Trum ដាក់ទណ្ឌកម្មសេដ្ឋកិច្ចកូឡុំប៊ី ដោយពន្ធ២៥% ទៅ ៥០% ក្រោយមិនព្រមទទួលយកជនអន្តោប្រវេសន៍ខ្លួនត្រឡប់ទៅវិញ

តាមការចុះផ្សាយរបស់ BBC នៅថ្ងៃចន្ទ ទី ២៧ ខែមករា ឆ្នាំ២០២៥ លោក ដូណាល់ ត្រាំ និយាយថា លោកនឹងដាក់ទណ្ឌកម្មសេដ្ឋកិច្ច ដោយយកពន្ធ២៥% ក្នុងមួយសប្តាហ៍ ហើយអាចដំឡើងដល់៥០% ឯណោះលើប្រទេសកូឡុំប៊ី បន្ទាប់ពីប្រធានាធិបតីរបស់ខ្លួន រារាំងយន្តហោះយោធាអាមេរិកពីរគ្រឿងដែលដឹកជនអន្តោប្រវេសន៍ មិនឲ្យចុះចតនៅក្នុងប្រទេស។

យ៉ាងណាក្តី ជាការឆ្លើយតបប្រធានាធិបតីកូឡុំប៊ីលោក Gustavo Petro ក៏បានសងសឹក ដោយការយកពន្ធលើទំនិញអាមេរិក ២៥%ដូចគ្នា។

លោក ត្រាំ បានបង្ហោះសារលើបណ្តាញសង្គម Truth Social កាលពីថ្ងៃអាទិត្យថា «ខ្ញុំទើបតែទទួលបានដំណឹងថា ជើងហោះហើរធ្វើមាតុភូមិនិវត្តន៍ចំនួនពីរចេញពីសហរដ្ឋអាមេរិក ជាមួយនឹងឧក្រិដ្ឋជនខុសច្បាប់មួយចំនួនធំ មិនត្រូវបានអនុញ្ញាតឲ្យចុះចតនៅក្នុងប្រទេសកូឡុំប៊ីទេ។ ដូច្នេះត្រូវចាត់វិធានការសងសឹកជាបន្ទាន់»។

មិនត្រឹមប៉ុណ្ណឹង លោក ត្រាំ ថែមទាំងគំរាមដកហូតទិដ្ឋាការមន្ត្រីរដ្ឋាភិបាលកូឡុំប៊ីទាំងអស់ រួមជាមួយសម្ព័ន្ធមិត្តនិងអ្នកគាំទ្ររបស់ពួកគេផងដែរ និងហើយអាចរងបម្រាមធ្វើដំណើរចូលមកអាមេរិកទៀតផង។

ការបណ្តេញជនអន្តោប្រវេសន៍ខុសច្បាប់និងចាត់វិធានការឥតត្រាប្រណី ចំពោះប្រទេសណាដែលមិនព្រមទទួលយកពួកគេត្រឡប់ទៅវិញនេះ គឺជាគោលនយោបាយដែលលោក ត្រាំ ចាប់អនុវត្តយ៉ាងម៉ឺងម៉ាត់ជាទីបំផុត ចាប់តាំងពីឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិកទី៤៧។

ភ្នាក់ងារអនុវត្តច្បាប់អន្តោប្រវេសន៍និងគយ បាននិងកំពុងបើកការវាយឆ្មក់ប្រចាំថ្ងៃនៅទូទាំងសហរដ្ឋអាមេរិក ដោយត្រឹមមួយថ្ងៃសៅរ៍ មានមនុស្សរហូតដល់ទៅ៤២១នាក់ឯណោះ ដែលត្រូវបានឃុំខ្លួន ខណៈទីក្រុងដែលជាគោលដៅគឺ Boston, New York, Newark និង San Francisco៕