អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon ត្រូវចោទប្រកាន់ជាផ្លូវការពីបទបះបោរ ជុំវិញការចេញច្បាប់អាជ្ញាសឹក

ក្រុមមេធាវីរបស់លោកប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk Yeol និងគណបក្សប្រឆាំងដ៏ធំបាននិយាយថា រដ្ឋអាជ្ញាកូរ៉េខាងត្បូង បានចោទប្រកាន់ជាផ្លូវការលើលោក Yoon កាលពីថ្ងៃអាទិត្យ (២៦ មករា) ពីបទដឹកនាំការបះបោរ ជាមួយនឹងការដាក់ច្បាប់អាជ្ញាសឹករយៈពេលខ្លីរបស់លោក កាលពីថ្ងៃទី០៣ ខែធ្នូ។

ក្រុមមេធាវីរបស់លោក Yoon បានរិះគន់ការចោទប្រកាន់នេះថាជា “ជម្រើសដ៏អាក្រក់បំផុត” ដែលធ្វើឡើងដោយស្ថាប័នអយ្យការ ខណៈបក្សប្រឆាំងដ៏សំខាន់បានស្វាគមន៍សេចក្ដីសម្រេចនេះ។

ការចោទប្រកាន់បែបនេះគឺមិនធ្លាប់មានពីមុនមកទេសម្រាប់ប្រធានាធិបតីកូរ៉េខាងត្បូង ហើយប្រសិនបើត្រូវបានកាត់ទោស លោក Yoon អាចប្រឈមនឹងការជាប់ពន្ធនាគារជាច្រើនឆ្នាំ សម្រាប់ក្រឹត្យច្បាប់អាជ្ញាសឹករបស់លោក ដែលព្យាយាមហាមឃាត់សកម្មភាពនយោបាយ និងសភា និងគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ។

ជំហានរបស់លោក Yoon បានធ្វើឱ្យមានរលកចលាចលនយោបាយនៅក្នុងសេដ្ឋកិច្ចធំជាងគេទីបួនរបស់អាស៊ី និងជាសម្ព័ន្ធមិត្តចម្បងរបស់អាមេរិក ដោយនាយករដ្ឋមន្ត្រីក៏ត្រូវបានចោទប្រកាន់ទម្លាក់តំណែង និងផ្អាកពីអំណាចផងដែរ ហើយមន្ត្រីយោធាជាន់ខ្ពស់មួយចំនួនត្រូវបានចោទពីតួនាទីរបស់ពួកគេក្នុងការបះបោរដែលត្រូវចោទប្រកាន់។

ការបះបោរគឺជាបទចោទមួយក្នុងចំណោមបទព្រហ្មទណ្ឌមួយចំនួនដែលប្រធានាធិបតីកូរ៉េខាងត្បូង មិនមានអភ័យឯកសិទ្ធិ។ បទនេះត្រូវផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត ឬទោសស្លាប់ បើទោះជាកូរ៉េខាងត្បូង មិនបានប្រហារជីវិតអ្នកណាម្នាក់ក្នុងរយៈពេលជាច្រើនទសវត្សរ៍មកហើយក្តី៕