លោក Trum ក្រោយត្រឡប់ចូលកាន់តំណែងជាប្រធាននាធិបតី បានផ្អាកជំនួយបរទេសទាំងអស់ ទុកតែប្រទេស២ប៉ុណ្ណោះ

សហរដ្ឋអាមេរិក ដែលជាម្ចាស់ជំនួយដ៏ធំបំផុតរបស់ពិភពលោក បានបង្កកជំនួយបរទេសស្ទើរតែទាំងអស់កាលពីថ្ងៃសុក្រទី២៤ខែមករាឆ្នាំ២០២៥ ដោយធ្វើការលើកលែងសម្រាប់តែជំនួយអាហារសង្គ្រោះបន្ទាន់ និងការផ្តល់មូលនិធិយោធាសម្រាប់ប្រទេសអ៊ីស្រាអែល និងប្រទេសអេហ្ស៊ីប។

លោក Marco Rubio រដ្ឋមន្ត្រីការបរទេសអាមេរិក បានលើកឡើងនៅក្នុងអនុស្សរណៈផ្ទៃក្នុងមួយ ប៉ុន្មានថ្ងៃបន្ទាប់ពីប្រធានាធិបតីលោក ដូណាល់ ត្រាំ ចូលកាន់តំណែង ដែលប្តេជ្ញាគោលនយោបាយ «America First» ជាមួយការរឹតបន្តឹងយ៉ាងតឹងរ៉ឹងលើជំនួយនៅបរទេស។

បទបញ្ជានេះ ហាក់ដូចជាប៉ះពាល់ដល់អ្វីៗគ្រប់យ៉ាងចាប់ពីជំនួយអភិវឌ្ឍន៍ រហូតដល់ជំនួយយោធា រួមទាំងអ៊ុយក្រែន ដែលបានទទួលអាវុធរាប់ពាន់លានដុល្លារ ក្រោមការដឹកនាំពីមុនរបស់អតីតប្រធានាធិបតី លោក ចូ បៃដិន នៅពេលដែលព្យាយាមទប់ទល់នឹងការឈ្លានពានរបស់រុស្ស៊ី។

ការប្រកាសនេះក៏មានន័យថាការផ្អាកយ៉ាងហោចណាស់ជាច្រើនខែនៃមូលនិធិរបស់សហរដ្ឋអាមេរិកសម្រាប់កម្មវិធី PEPFAR ដែលជាគំនិតផ្តួចផ្តើមប្រឆាំងនឹងមេរោគអេដស៍ ក្នុងការទិញថ្នាំដើម្បីព្យាបាលជំងឺនៅក្នុងប្រទេសកំពុងអភិវឌ្ឍដែលភាគច្រើននៅអាហ្វ្រិក។

យ៉ាងណាមិញ អនុស្សរណៈនេះ បានធ្វើការលើកលែងសម្រាប់ជំនួយយោធាដល់អ៊ីស្រាអែល ក្នុងការទទួលបានសព្វាវុធសំខាន់ៗពីអាមេរិកចាប់តាំងពីសង្រ្គាមនៅហ្កាហ្សា។ អនុស្សរណៈដដែលនេះ ក៏លើកលែងដល់ប្រទេសអេហ្ស៊ីបផងដែរ ដែលបានទទួលមូលនិធិការពារជាតិពីអាមេរិកចាប់តាំងពីបានចុះហត្ថលេខាលើសន្ធិសញ្ញាសន្តិភាពជាមួយអ៊ីស្រាអែលក្នុងឆ្នាំ១៩៧៩។

លោក Rubio ក៏បានធ្វើការលើកលែងសម្រាប់ការរួមចំណែករបស់អាមេរិកចំពោះជំនួយស្បៀងអាហារសង្គ្រោះបន្ទាន់ ដែលអាមេរិកបាននិងកំពុងរួមចំណែកបន្ទាប់ពីមានវិបត្តិជុំវិញពិភពលោក រួមទាំងនៅក្នុងប្រទេសស៊ូដង់ និងស៊ីរីផងដែរ៕