
សាលារៀនជិត២០០កន្លែងក្នុងទីក្រុងបាងកក ត្រូវបានបិទ ខណៈដែលអាជ្ញាធរបានជំរុញឲ្យមនុស្សធ្វើការពីផ្ទះ និងដាក់កម្រិតលើយានយន្តធុនធ្ងន់នៅក្នុងទីក្រុង ព្រោះតែការបំពុលខ្យល់ដ៏គ្រោះថ្នាក់។
គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍ទី២៣មករា២០២៥ រាជធានីបាងកកគឺជាទីក្រុងធំលំដាប់ទី៦ ដែលមានការបំពុលខ្យល់ខ្លាំងបំផុតនៅលើពិភពលោក។ នេះបើយោងតាម IQAir។

កំហាប់ភាគល្អិត PM2.5 បានឈានដល់កម្រិតពណ៌ក្រហម ក្នុងបរិមាណ ១២២មីក្រូក្រាមនៅក្នុងមួយម៉ែត្រគូប ខណៈអង្គការសុខភាពពិភពលោកបានផ្តល់អនុសាសន៍ថា កំហាប់ភាគល្អិតជាមធ្យមក្នុងរយៈពេល២៤ម៉ោងមិនគួរលើសពី ១៥មីក្រូក្រាមក្នុងមួយម៉ែត្រគូបនោះឡើយ។
កាលពីដើមសប្តាហ៍នេះ អាជ្ញាធរក្រុងបាងកក បានប្រកាសថា សាលារៀននៅក្នុងតំបន់ដែលមានកម្រិត PM2.5 អាចបិទសម្រាកបាន។ ហើយគិតមកទល់ឥលូវ សាលាចំនួន ១៩៤ ក្នុងចំណោម ៤៣៧សាលាដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់អាជ្ញាធរក្រុងបាងកក បានបិទទ្វាររបស់ពួកគេ ដែលប៉ះពាល់ដល់សិស្សរាប់ពាន់នាក់។

សម្រាប់ថ្នាក់មត្តេយ្យដល់អនុវិទ្យាល័យរដ្ឋ ការបិទអាចធ្វើឡើងចាប់ពីមួយថ្ងៃទៅមួយសប្តាហ៍។
យ៉ាងណា ទិន្នន័យនៃការបិទសាលារៀនឯកជនផ្សេងៗទៀត ពុំមានបញ្ជាក់ឲ្យដឹងនោះទេ។
សូមបញ្ជាក់ថា តួលេខនេះ គឺជាចំនួនខ្ពស់បំផុតនៃការបិទសាលារៀនរដ្ឋចាប់តាំងពីឆ្នាំ២០២០ ដោយសារការបំពុលបរិយាកាស៕


Leave a Reply