
អ្នកនាំពាក្យសហភាពអឺរ៉ុបបាននិយាយកាលពីថ្ងៃអង្គារ ២១ មករាសប្ដាហ៍នេះថា ប្លុកនេះបានសម្តែងការព្រួយបារម្ភចំពោះសេចក្តីប្រកាសរបស់លោកប្រធានាធិបតីអាមេរិក Donald Trump ពីចេតនារបស់លោកក្នុងការដកខ្លួនចេញពីអង្គការសុខភាពពិភពលោក WHO ដោយបន្ថែមថាសហភាពអឺរ៉ុប សង្ឃឹមថាការសម្រេចចិត្តនេះនៅតែស្ថិតក្រោមការត្រួតពិនិត្យ និងពិចារណាឡើងវិញ។

អ្នកនាំពាក្យគណៈកម្មាធិការសហភាពអឺរ៉ុប លោកស្រី អ៊ីវ៉ា ជូ សៃរ៉ូវ៉ា (Eva Hrncirova) បានប្រាប់សន្និសីទសារព័ត៌មាននៅទីក្រុងប្រ៊ុចសែលថា យើងបានមើលឃើញដោយក្តីបារម្ភចំពោះការប្រកាសដកខ្លួនចេញពីអង្គការ WHO ពីសំណាក់សហរដ្ឋអាមេរិក ហើយយើងជឿជាក់ថា រដ្ឋបាលសហរដ្ឋអាមេរិកនឹងពិចារណាលើរឿងទាំងអស់នេះ មុនពេលការដកខ្លួនជាផ្លូវការ ។

លោក Trump បានប្រកាសពីការដកខ្លួនចេញកាលពីថ្ងៃចន្ទ ២០ មករាសប្ដាហ៍នេះនៅថ្ងៃលោកបានស្បថចូលកាន់តំណែង ដោយនិយាយថាទីភ្នាក់ងារសុខភាពពិភពលោកបានចាត់ចែងខុសចំពោះជំងឺរាតត្បាតសកល COVID-19 និងវិបត្តិសុខភាពអន្តរជាតិផ្សេងទៀត។

លោកបានបន្ថែមថា WHO បានបរាជ័យក្នុងការធ្វើសកម្មភាពដោយឯករាជ្យពីឥទ្ធិពលនយោបាយមិនសមរម្យនៃរដ្ឋជាសមាជិករបស់WHO និងតម្រូវឲ្យមានការបង់ប្រាក់លម្អៀងពីសហរដ្ឋអាមេរិក ដែលមិនសមាមាត្រទៅនឹងចំនួនផ្តល់ដោយប្រទេសធំៗផ្សេងទៀត ៕


Leave a Reply