
ស្ថានភាពខ្យល់ពុលនៅប្រទេសថៃឯណោះ ក៏មិនទាន់ធូរស្រាលដែរ ដោយគិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍ទី២៣ខែមករាឆ្នាំ២០២៥ ខេត្តចំនួន៤៤ក្នុងចំណោមខេត្តទាំង៧៧ ត្រូវគ្របដណ្តប់ដោយខ្យល់ពុលក្នុងកម្រិតគ្រោះថ្នាក់ធ្ងន់ធ្ងរ។

ក្នុងសេចក្តីរាយការណ៍របស់ Bangkok Post ដែលដកស្រង់ប្រភពពីទីភ្នាក់ងារអភិវឌ្ឍន៍បច្ចេកវិទ្យាអវកាស និងភូមិសាស្ត្រព័ត៌មានវិទ្យា (Gistda), កំហាប់ភាគល្អិត PM2.5 បានឈានដល់កម្រិតពណ៌ក្រហមក្នុងចំនួន៤៤ ខណៈ២៧ខេត្តទៀត ស្ថិតត្រឹមពណ៌ទឹកក្រូច។

ខេត្តដែលគ្របដណ្តប់ដោយខ្យល់ពុលក្នុងកម្រិតគ្រោះថ្នាក់ធ្ងន់ធ្ងរជាងគេគឺ Saraburi ដែល PM2.5 ឈានដល់ ១៣៩.៦មីក្រូក្រាមក្នុងមួយម៉ែត្រគូបនៃខ្យល់ ពោលគឺវាលើសឆ្ងាយណាស់ បើធៀបនឹងកម្រិតស្តង់ដាសុវត្ថិភាពដែលរដ្ឋាភិបាលថៃ កំណត់ត្រឹម ៣៧.៥មីក្រូក្រាមក្នុងមួយម៉ែត្រគូបនៃខ្យល់ ប៉ុណ្ណោះ។

ខេត្តបន្ទាប់ទៀត ដែលខ្យល់ពុលឈានដល់កម្រិតគ្រោះថ្នាក់ធ្ងន់ធ្ងរមានដូចជា Lop Buri និង Sing Buri (១២៧.៧មីក្រូក្រាមក្នុងមួយម៉ែត្រគូបនៃខ្យល់), Chai Nat (១២៧មីក្រូក្រាមក្នុងមួយម៉ែត្រគូបនៃខ្យល់) និង Rayong (១២៥.៥មីក្រូក្រាមក្នុងមួយម៉ែត្រគូបនៃខ្យល់)។
ដោយសារខ្យល់ពុលនេះដែរ ទីក្រុងបាងកក ត្រូវបង្ខំចិត្តបិទសាលារៀនជាង៥០កន្លែង និងជំរុញឲ្យបុគ្គលិកធ្វើការពីផ្ទះ ហើយថែមទាំងចេញសេចក្តីណែនាំឲ្យពលរដ្ឋ ពាក់ម៉ាសផងដែរពេលទៅណាមកណា ឬចៀសវាងសកម្មភាពនៅខាងក្រៅបើមិនចាំបាច់៕

Leave a Reply