រដ្ឋាភិបាលឥណ្ឌូណេស៊ី ចេញច្បាប់ថ្មី កំណត់អាយុកុមារក្នុងការប្រើប្រាស់បណ្ដាញសង្គម

រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរបស់ប្រទេសឥណ្ឌូណេស៊ី បាននិយាយថា ប្រទេសឥណ្ឌូណេស៊ី គ្រោងនឹងចេញបទប្បញ្ញត្តិមួយដើម្បីកំណត់អាយុសម្រាប់អ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលជាវិធានការមួយក្នុងគោលបំណងការពារកុមារ។

ផែនការនេះធ្វើតាមការសម្រេចចិត្តរបស់ប្រទេសអូស្ត្រាលី ក្នុងការហាមឃាត់កុមារអាយុក្រោម ១៦ឆ្នាំពីការចូលប្រើប្រព័ន្ធផ្សព្វផ្សាយសង្គម ជាមួយនឹងការផាកពិន័យសម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យា Instagram និងក្រុមហ៊ុន Facebook Meta ឬ TikTok ប្រសិនបើក្រុមហ៊ុនទាំងនេះ មិនអាចទប់ស្កាត់ ឬរារាំងកុមារពីការចូលប្រើប្រាស់បណ្ដាញសង្គមរបស់ពួកគេ។

ទាក់ទិននឹងបញ្ហានេះ លោកស្រី Meutya Hafid រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរបស់ប្រទេសឥណ្ឌូណេស៊ី មិនបាននិយាយថា «យើងបានពិភាក្សាពីរបៀបការពារកុមារនៅក្នុងលំហឌីជីថល។ តែយើងកំពុងពិចារណាថា តើប្រទេសឥណ្ឌូណេស៊ី នឹងកម្រិតអាយុឱ្យកុមារអាចប្រើប្រាស់បណ្ដាញសង្គមចាប់ពីអាយុប៉ុន្មាននោះទេ»។ ការលើកឡើងរបស់លោកស្រី កាលពីល្ងាចថ្ងៃចន្ទ នេះ បានកើតឡើងបន្ទាប់ពីលោកស្រី Meutya បានពិភាក្សាអំពីផែនការនេះជាមួយនឹងលោកប្រធានាធិបតី Prabowo Subianto។

ការប្រើប្រាស់អ៊ីនធឺណិតក្នុងប្រទេសឥណ្ឌូណេស៊ី ដែលមានប្រជាជនប្រហែល ២៨០លាននាក់, កាលពីឆ្នាំមុនបានកើនឡើងដល់ ៧៩.៥ភាគរយ នេះបើយោងតាមការស្ទង់មតិលើប្រជាជនចំនួន ៨,៧០០នាក់ ដោយសមាគមអ្នកផ្តល់សេវាអ៊ីនធឺណិតឥណ្ឌូណេស៊ី។

យ៉ាងណា ការស្ទង់មតិបានបង្ហាញថា ៤៨ភាគរយនៃកុមារអាយុក្រោម ១២ឆ្នាំមានលទ្ធភាពប្រើប្រាស់អ៊ីនធឺណិត ដោយអ្នកឆ្លើយតបមួយចំនួននៃក្រុមអាយុនោះ ភាគច្រើនបានប្រើប្រាស់បណ្ដាញផ្សព្វផ្សាយសង្គម Facebook, Instagram និង TikTok៕