
យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ នាយករដ្ឋមន្រ្តីថៃ អ្នកស្រី ផែតងតាន ស៊ីណាវ៉ាត្រា បានប្រកាសនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២៩២៥នេះថា គណៈរដ្ឋមន្ត្រីរបស់ខ្លួនបានអនុម័តសេចក្តីព្រាងច្បាប់ដែលនឹងដាក់កាស៊ីណូ និងការល្បែងស៊ីសង ឱ្យនៅស្របច្បាប់ ក្នុងគោលបំណងជំរុញទេសចរណ៍ ការងារ និងការវិនិយោគ។

ក្រោមផែនការរបស់រដ្ឋាភិបាល ច្បាប់ដែលគ្រោងនឹងបញ្ជូនទៅឱ្យសភាពិនិត្យមើលមួយនេះ នឹងអនុញ្ញាតឱ្យមានការលេងល្បែងស៊ីសងនៅតាមកន្លែងកម្សាន្តធំៗ។ អ្នកស្រី ផែតងតាន បានប្រាប់អ្នកយកព័ត៌មានថា៖ «ការធ្វើឱ្យស្របច្បាប់ នឹងការពារសាធារណៈជន ហើយនឹងបង្កើតប្រាក់ចំណូលរដ្ឋបន្ថែមទៀត»។
គួរបញ្ជាក់ថា កាស៊ីណូ និងល្បែងស៊ីសងភាគច្រើន គឺខុសច្បាប់នៅក្នុងប្រទេសថៃ ប៉ុន្តែការភ្នាល់បាល់ទាត់ ការលេងល្បែងស៊ីសងលួចលាក់ និងការចាក់ឆ្នោតផ្សេងៗ នៅតែមានគេលេងច្រើន។ មានតែការលេងល្បែងស៊ីសងមួយចំនួនប៉ុណ្ណោះដែលត្រូវបានអនុញ្ញាត ដូចជាការប្រណាំងសេះដែលគ្រប់គ្រងដោយរដ្ឋ និងឆ្នោតផ្សងសំណាងជាផ្លូវការជា ដើម។

នាពេលកន្លងមក រដ្ឋាភិបាលថៃបានព្យាយាមជំរុញការដាក់កាស៊ីណូ និងល្បែងស៊ីសងឱ្យនៅស្របច្បាប់ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ក៏ប៉ុន្តែរងការជំទាស់ពីអ្នកអភិរក្សនិយម។ ខណៈប្រទេសជិតខាងមួយមួយចំនួនទាញប្រយោជន៍ពីការបង្កើតកាស៊ីណូធំៗ រដ្ឋាភិបាលថៃបានលើកឡើងថា ថៃបានបិទភ្នែកពីប្រភពចំណូល និងមិនបានប្រើប្រាស់សក្ដានុពល «ទេសចរណ៍» របស់ខ្លួនឱ្យបានគ្រប់គ្រាន់ ចំពោះការមិនបង្កើតឱ្យមានកាស៊ីណូ។

ជុំវិញបញ្ហានេះ អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃ លោក Julapun Amornvivat បានអះអាងថា ការបោះជំហានចុងក្រោយរបស់ថៃ អាចធ្វើឱ្យចំនួនភ្ញៀវបរទេសកើនឡើងពី ៥ ទៅ ១០ ភាគរយ ហើយប្រាក់ចំណូលពីទេសចរណ៍ កើនឡើងប្រហែល ១២០-២២០ ប៊ីលានបាត។ វាក៏នឹងបង្កើតការងារថ្មីប្រហែលពី ៩ ០០០ ទៅ ១៥ ០០០ កន្លែងផងដែរ៕

Leave a Reply