
ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ប្រឈមមុខនឹងការចាប់ខ្លួនសារជាថ្មី និងប្រហែលជាខ្លាំងក្លាជាងមុន ដើម្បីចាប់ខ្លួនលោកពីបទបះបោរ បន្ទាប់ពីអ្នកស៊ើបអង្កេតជាន់ខ្ពស់បានប្តេជ្ញាថានឹងធ្វើគ្រប់យ៉ាងទាំងអស់ ដើម្បីបំបែកការរារាំងសន្តិសុខដ៏តឹងរឹង និងនាំខ្លួនមេដឹកនាំដែលត្រូវបានចោទប្រកាន់ទម្លាក់តំណែងរូបនេះ មកសាកសួរតាមនីតិវិធីនៃការស៊ើបអង្កេត។

ក្រុមបាតុករទាំងគាំទ្រ និងប្រឆាំងចំពោះលោក Yoon ដែលកំពុងរួមរឹតដោយវិបត្តិនយោបាយ បានបន្តស៊ូទ្រាំតវ៉ាក្រោមសីតុណ្ហភាពដ៏ត្រជាក់នៅតាមដងផ្លូវជុំវិញនិវេសនដ្ឋានប្រធានាធិបតីនៅថ្ងៃពុធ ទី០៨ ខែមករា នេះ បន្ទាប់ពីតុលាការបានចេញដីកាជាលើកទីពីរកាលពីថ្ងៃអង្គារ ដើម្បីចាប់ខ្លួនលោក Yoon។

សេវាសន្តិសុខប្រធានាធិបតី នៅសប្តាហ៍នេះ ត្រូវគេមើលឃើញថាបានពង្រឹងសុវត្ថិភាពនិវេសនដ្ឋាននោះដោយដាក់លួសបន្លា និងប្រើប្រាស់រថយន្តក្រុងបង្កើតជារនាំង ដើម្បីបិទផ្លូវចូលទៅកាន់វីឡាដែលលោក Yoon ត្រូវបានគេជឿថាកំពុងស្នាក់នៅ ដោយបានបន្តបដិសេធការកោះហៅឱ្យចូលខ្លួនដើម្បីសួរនាំ។

សូមបញ្ជាក់ថា លោក Yoon កំពុងស្ថិតក្រោមការស៊ើបអង្កេតព្រហ្មទណ្ឌចំពោះការបះបោរ ជុំវិញក្រឹត្យច្បាប់អាជ្ញាសឹកកាលពីថ្ងៃទី០៣ ខែធ្នូ របស់លោក ដែលបានធ្វើឱ្យកូរ៉េខាងត្បូង ភ្ញាក់ផ្អើល និងនាំឱ្យមានដីកាចាប់ខ្លួនជាលើកដំបូងបំផុត សម្រាប់ប្រធានាធិបតីដែលកំពុងកាន់តំណែងរបស់ប្រទេស៕


Leave a Reply