រយៈពេលបីថ្ងៃ យ៉ាងហោចណាស់មានមនុស្សជាង២០០នាក់ បានបាត់បង់ជីវិតក្នុងសង្រ្គាមអ៊ីស្រាអែលនៅហ្គាហ្សា

យោងតាមប្រព័ន្ធផ្សព្វផ្សាយនៅតំបន់ហ្គាហ្សាដែលគ្រប់គ្រងដោយក្រុមហាម៉ាស បានប្រកាសថា នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២៥ កងទ័ពអ៊ីស្រាអែលបានផ្លោងគ្រាប់ និងវាយប្រហារតាមអាកាសចំនួន៩៤លើក ទៅលើតំបន់ហ្គាហ្សាស្ទ្រីបក្នុងរយៈពេល ៧២ម៉ោងកន្លងមកនេះ យ៉ាងយោចណាស់មានមនុស្សបាត់បង់ជីវិត១៨៤នាក់។

មន្ត្រីការពារជនស៊ីវិលប៉ាឡេស្ទីននៅតំបន់ហ្គាហ្សា បានបញ្ជាក់ថា នេះជាទង្វើដ៏ឃោរឃៅ ដែលផ្តោតលើជនស៊ីវិលដែលគ្មានអាវុធ និងតំបន់លំនៅដ្ឋាន ជាពិសេសនៅក្នុងទីក្រុងហ្គាហ្សា។

សេចក្តីថ្លែងការណ៍ដដែល បានទទូចឲ្យកងទ័ពអ៊ីស្រាអែលត្រូវទទួលខុសត្រូវទាំងស្រុងចំពោះ «ឧក្រិដ្ឋកម្មដ៏គួរឲ្យរន្ធត់» ទាំងនេះ ហើយថែមទាំងបានរិះគន់រដ្ឋបាលសហរដ្ឋអាមេរិកសម្រាប់ការផ្តល់អាវុធដល់អ៊ីស្រាអែល និងការគាំទ្រផ្នែកនយោបាយ។

បន្ថែមពីនេះ ប៉ាឡេស្ទីនក៏បានអំពាវនាវឲ្យសហគមន៍អន្តរជាតិ និងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ រក្សាកាតព្វកិច្ចផ្លូវច្បាប់ និងសីលធម៌របស់ពួកគេ ដោយបញ្ជូនក្រុមស៊ើបអង្កេតឯករាជ្យ ដើម្បីចងក្រងឯកសារ «ឧក្រិដ្ឋកម្មដ៏សាហាវ» ទាំងនេះ និងធានាបានថាជនល្មើសត្រូវមានការទទួលខុសត្រូវ។

គួរឱ្យដឹងផងដែរថា រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Israel Katz បានព្រមានថា ខ្លួននឹងប្រើប្រាស់កម្លាំងដែលមិនធ្លាប់មានពីមុនមក បើក្រុមហាម៉ាសមិនដោះលែងចំណាប់ខ្មាំង និងបញ្ឈប់ការបាញ់រ៉ុកកែតទៅលើទឹកដីអ៊ីស្រាអែលទេ៕