ជនអន្តោប្រវេសន៍ ២៧នាក់បានស្លាប់ ក្នុងហេតុការណ៍លិចទូក នៅទុយនីស៊ី

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន AFP កាលពីថ្ងៃសុក្រសប្ដាហ៍នេះថា ជនអន្តោប្រវេសន៍ចំនួន២៧នាក់ រួមទាំងស្ត្រី និងកុមារបានស្លាប់ បន្ទាប់ពីទូកពីរគ្រឿងបានក្រឡាប់លិចក្បែរភាគកណ្តាលប្រទេសទុយនីស៊ី ទន្ទឹមនឹងមនុស្សចំនួន៨៣ នាក់ត្រូវបានជួយសង្គ្រោះ។

លោក Zied Sdiri ប្រធានផ្នែកការពារស៊ីវិលនៅទីក្រុងហ្វាកស៍ (Sfax) បាននិយាយថា អ្នកដំណើរ ដែលត្រូវបានជួយសង្គ្រោះ និងស្លាប់ ត្រូវបានប្រទះឃើញនៅកោះ ឃើខិនណា (Kerkennah) ភាគកណ្តាលរបស់ប្រទេសទុយនីស៊ី មានបំណងឆ្ពោះទៅកាន់ទ្វីបអឺរ៉ុប ហើយសុទ្ធតែមកពីបណ្តាប្រទេសអនុតំបន់សាហារ៉ាអាហ្វ្រិកទាំងអស់។ 

ឆ្មាំសមុទ្រជាតិទុយនីស៊ី បាននិយាយថា ការស្វែងរកនៅតែកំពុងដំណើរការសម្រាប់អ្នកដំណើរផ្សេងទៀតដែលបាត់ខ្លួន។  

ទុយនីស៊ីគឺជាចំណុចចេញដំណើរដ៏សំខាន់មួយសម្រាប់ជនអន្តោប្រវេសន៍មិនទៀងទាត់ដែលព្យាយាមទៅឲ្យដល់ទឹកដីអឺរ៉ុប ដោយកោះ ឡាំប៉េដូសា (Lampedusa) របស់ប្រទេសអ៊ីតាលី មានចម្ងាយត្រឹមតែ ១៥០គីឡូម៉ែត្រពីទុយនីស៊ីដែលស្ទើរតែជាធម្មតាកោះនេះជាទីសំចតដំបូងរបស់ពួកគេ។

សូមបញ្ជាក់ថា ជារៀងរាល់ឆ្នាំមានមនុស្សរាប់ម៉ឺននាក់ព្យាយាមឆ្លងកាត់សមុទ្រមេឌីទែរ៉ាណេដ៏គ្រោះថ្នាក់ ដែលបានមើលឃើញការលិចទូកនាពេលថ្មីៗនេះ ជាមួយនឹងគ្រោះថ្នាក់កាន់តែធ្ងន់ធ្ងរដោយសារអាកាសធាតុអាប់អួរ៕