ប្រធានាធិបតីស្ដីទីកូរ៉េខាងត្បូងថ្មី ក្រោយស្បថឡើងកាន់អំណាច បញ្ជាឲ្យកងទ័ពបង្កើនការប្រុងប្រយ័ត្នការពារសន្តិសុខជាតិ

លោក Choi Sang-mok ដែលជារដ្ឋមន្ត្រីហិរញ្ញវត្ថុ ក្រោយស្បថចូលកាន់តំណែងជាប្រធានាធិបតីស្ដីទីថ្មី កាលពីល្ងាចថ្ងៃសុក្រជំនួសលោក Han Duck-soo ដែលត្រូវរដ្ឋសភាបោះឆ្នោតទម្លាក់មកវិញ បានបញ្ជាឲ្យកងទ័ពបង្កើនការប្រុងប្រយ័ត្នការពារសន្តិសុខជាតិ ព្រោះកូរ៉េខាងជើងអាចនឹងឆ្លៀតកេងចំណេញ ឬបង្កបញ្ហាសម្រាប់សន្តិសុខជាតិកូរ៉េខាងត្បូងដែលកំពុងមានបញ្ហានយោបាយផ្ទៃក្នុងប្រទេស។

សភាបានបោះឆ្នោតដកតំណែងលោក Han Duck-soo ធ្វើឡើងបន្ទាប់ពីលោកមិនព្រមចុះហត្ថលេខាតែងតាំងចៅក្រមតុលាការធម្មនុញ្ញ៦រូបបន្ថែមទៀតតាមការស្នើសុំរបស់ក្រុមគណបក្សប្រឆាំងដើម្បីងាយស្រួលដកតំណែងលោក Yoon។ តាមច្បាប់រដ្ឋធម្មនុញ្ញកូរ៉េខាងត្បូង ប្រធានាធិបតីអាចត្រូវដកហូតតំណែងបានដោយសំឡេងអនុម័តពីចៅក្រមយ៉ាងតិច៦រូប។

លោក Han បានថ្លែងឲ្យដឹងថា មូលហេតុដែលលោកមិនចុះហត្ថលេខាតែងតាំងចៅក្រមព្រោះច្បាប់សរសេរថាមានតែប្រធានាធិបតីប៉ុណ្ណោះទើបមានសិទ្ធិតែងតាំង។ ចំណែកលោកត្រឹមតែជាប្រធានាធិបតីស្ដីទីគ្មានសិទ្ធិធ្វើរឿងនេះទេ។

គណបក្សប្រឆាំងបានស្នើសុំដកដំណែងលោក Han រួចហើយកាលពីល្ងាចថ្ងៃព្រហស្បតិ៍ ហើយកំពុងតែដាក់ញត្តិដើម្បីស្នើរសុំដកតំណែងលោក Yoon ដើម្បីធ្វើការរៀបចំបោះឆ្នោតសារជាថ្មី។ 

សូមបញ្ជាក់ថា តាមច្បាប់កូរ៉េខាងត្បូង ដើម្បីដកដំណែងប្រធានាធិបតីត្រូវការសំឡេង ២/៣ ឬ ២០០លើ៣០០សំឡេងអ្នកតំណាងរាស្ត្រ។ បច្ចុប្បន្ន ញត្តិស្នើរសុំដកដំណែងប្រធានាធិបតីត្រូវបានគាំទ្រដោយតំណាងរាស្ត្រ ១៩២រូបរួចហើយក្នុងចំណោម ៣០០រូប៕