ទូកដឹកអ្នកដំណើរបុកគ្នាពេញមួយទំហឹងជាមួយនាវាកងទ័ពជើងទឹក កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ ម្សិលមិញនេះ មានមនុស្សយ៉ាងតិច១៣នាក់បានបាត់បង់ជីវិត និងជាច្រើននាក់ទៀតកំពុងបាត់ខ្លួននៅលើផ្ទៃសមុទ្រនៃទីក្រុងបុំបៃ ប្រទេសឥណ្ឌា។

អាជ្ញាធរបានឲ្យដឹងថា ពេលបុកគ្នានោះកាណូតដឹកអ្នកដំណើរក្រឡាប់ចូលទៅក្នុងទឹកសមុទ្រ តែអាជ្ញាមិនបាននិយាយថាកប៉ាល់របស់កងទ័ពជើងទឹករងផលប៉ះពាល់កម្រិតណាទេព្រោះជាកិច្ចការសម្ងាត់របស់ជាតិ។ មកទល់នឹងពេលនេះ អាជ្ញាធរបានជួយសង្គ្រោះអ្នកនៅរស់១០១នាក់។ ក្នុងចំណោមអ្នកស្លាប់ទាំង១៣នាក់នោះ មាន១០នាក់ជាជនស៊ីវិល និង៣នាក់ជាទាហានជើងទឹក។

កងទ័ពជើងទឹកឥណ្ឌារួមជាមួយឆ្មាំល្បាតដែនសមុទ្រ និងនគរបាលជើងទឹកបានបញ្ជូនទូកល្បាតចំនួន១១គ្រឿង និងឧទ្ធម្ភាគចក្រ៤គ្រឿងដើម្បីពន្លឿនការស្វែងរក និងជួយសង្គ្រោះ។

សូមបញ្ជាក់ថា នាវាកងទ័ពជើងទឹកនេះគឺស្ថិតនៅក្នុងដំណាក់កាលបើកបរសាកល្បង។ មូលហេតុនៃការបុកគ្នារវាងកាណូតដឹកអ្នកដំណើរ និងនាវារបស់កងទ័ពជើងទឹកនោះដោយសារបញ្ហាបច្ចេកទេសនៅក្នុងកប៉ាល់របស់ទាហានជើងទឹក ជាហេតុធ្វើឱ្យបាត់បង់ម្ចាស់ការបញ្ជាដៃចង្កូត៕
Leave a Reply